ពិភពលោក ៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន (Mike Pence) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចាកចេញពីជំនួបកំពូល ដែលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយនេះ បន្ទាប់ពីកូរ៉េខាងជើងបានគំរាមកិច្ចប្រជុំនេះកាលពីសប្តាហ៍មុន។
លោក Mike Pence បានប្រាប់សារព័ត៌មាន ហ្វក ញ៉ូវស៍ ថាប្រទេសកូរ៉េខាងជើងមិនគួរព្យាយាមស្វែងរកការសម្រប សម្រួលពីសហរដ្ឋអាមេរិក សម្រាប់ការសន្យាដែលខ្លួនមិនមានបំណងចង់រក្សានោះទេ។ លោក Mike Pence បាននិយាយ ថា វានឹងជាកំហុសដ៏ធំមួយសម្រាប់លោកគីម ជុងអ៊ុន ដែលគិតថាលោកអាចលេងសើចជាមួយនឹងលោក ដូណាល់ ត្រាំ ។ នៅពេលសួរថាតើ លោក ត្រាំ នៅតែអាចដើរចេញពីជំនួបកំពូលដែលគ្រោងធ្វើនៅថ្ងៃទី 12 ខែមិថុនា នៅប្រទេសសឹង្ហបុរី បានដែរឬយ៉ាងណា លោក Mike Pence បានឆ្លើបតបនឹងសំនួរនេះថាលោកសុំមិនបញ្ចេញយោបល់។







