រាជរដ្ឋាភិបាលកម្ពុជា និងហុងគ្រី បានឈានដល់ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ ផ្តោតលើវិស័យកសិកម្ម អាកាសចរ និងធនធានទឹកដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ ពិធីចុះ ហត្ថលេខា ត្រូវបានធ្វើឡើងក្រោយវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា។
កិច្ចព្រមព្រៀង និងអនុស្សារណៈរវាងកម្ពុជា និងហុងគ្រី ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា រួមមាន កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។
ពិធីចុះហត្ថលេខាប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នក កាសែតនៅក្រោយជំនួបថា ឯ.ឧ ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានបញ្ជាក់ជូនសម្តេចតេជោ ថា ការមកបំពេញទស្សនកិច្ចនៅ កម្ពុជានៅពេលនេះ គឺដើម្បីអបអរសាទរចំពោះខួបទី៦៧ឆ្នាំ នៃទិវាឯកភាពរបស់កម្ពុជា និងពាំនាំការសួរសុខទុក្ខអំពីឯ.ឧ នាយករដ្ឋមន្ត្រីហុងគ្រី និងដើម្បីជំរុញទំនាក់ទំនងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវ គម្រោងទឹកស្អាត និងចម្រោះទឹក គម្រោងបច្ចេកវិទ្យាអាយធី និងគម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងសត្តឃាត និងគម្រោងកសិកម្ម និងនេសាទ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណ រដ្ឋាភិបាល និង ប្រជាជនហុងគ្រី ដែលបានជួយកម្ពុជា កាលពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសពីបាតដៃទទេរហូតមានថ្ងៃនេះ។ សម្តេចតេជោ បានឯកភាពក្នុងការជំរុញ លើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ តាមរយៈ គម្រោងទាំងបួននេះ ។ សម្តេចតេជោ ក៏បានស្នើ និងគោរពអញ្ជើញនាយករដ្ឋមន្ត្រីហុងគ្រីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅពេលខាងមុខ។
គួរបញ្ជាក់ថា កម្ពុជា និងហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦ ប៉ុន្តែទំនាក់ ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥ រហូតដល់នៅឆ្នាំ១៩៧៩ សាធារ ណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ។
ក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំ ណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់ ក្នុងប្រតិបត្តិការសន្តិភាពនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ ១៩៩១ ហុងគ្រី បានរួមចំណែកបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន១៩៥នាក់។
ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ និស្សិតកម្ពុជាចំនួន៥០នាក់បានទទួលអាហារូបករណ៍ក្រោមកម្មវិធី Sripendium Hungarian Program ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើមុខវិជ្ជាកសិកម្ម មនុស្សសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត ធម្មជាតិ។
ឆ្នាំ២០១៩ កន្លងទៅទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហុងគ្រី មានប្រមាណ២លានដុល្លារអាមេរិកប៉ុណ្ណោះ គ្រាដែលកម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង និងអង្ករជាដើម ខណៈនាំចូលមកវិញនូវឧបករណ៍ហាត់ប្រាណ ស្រាវិស្គី និងគ្រឿងសំអាង៕






