ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០ នេះ កំពង់ផែស្វយ័តភ្នំពេញ អាចរកចំណូលបានជាង ២២លានដុល្លារអាមេរិក ពីសេវាកម្មការចូលចត និងលើកដាក់ទំនិញ។ នេះបើតាមរបាយការណ៍ចំណូលពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែភ្នំពេញ ដែលទើបបង្ហាញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។
ក្នុងរបាយការណ៍ដដែល បញ្ចាក់ថា សម័យជំងឺកូវីដ-១៩ បាន និងកំពុងវាយលុករាតត្បាតលើសកលលោក ប៉ុន្តែកម្ពុជាទប់សភាពការណ៍បានល្អប្រសើរ តាមរយៈការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
សូមជម្រាបថា៖ នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ ទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែភ្នំពេញមានចំនួន ២.៧៩លានតោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងឆ្នាំ២០១៩។
នាវាផ្ទុកទំនិញឆ្លងកាត់ចំនួន១៧៥៨គ្រឿង, នាវាទេសចរណ៍ចំនួន១២៦ជើង, បរិមាណកុងតឺន័រចំនួនជាង២២ម៉ឺន TEUs និងបរិមាណអ្នកដំណើរចំនួន៩៧៣៣នាក់៕ សំអាង





