(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២)៖ក្មេងប្រុសអាយុ១២ ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ខណៈដេញគោត្រឡប់ចូលផ្ទះ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង១៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុច.វាលគោកតាម៉ាចម្ងាយពីផ្ទះជនរងគ្រោះប្រមាណជា២,៥០០ម៉ែត្រ ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីឈ្មោះ ជា ត្រាន ប្រជាកាពារបានរាយការណ៍មកថា (មានករណីរន្ទះបាញ់ស្លាប់) កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុទើបដឹងថាកុមារារងគ្រោះឈ្មោះ រ៉ា រឿន ភេទប្រុស អាយុ១២ឆ្នាំ.នៅភូមិឈូក.ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មេឃមានធ្លាក់ភ្លៀងលាយឡំជាមួយខ្សល់និងផ្គររន្ទះយ៉ាងខ្លាំង ពេលនោះក្មេងប្រុសរងគ្រោះឃើញសភាពផ្ទៃមេឃមិនស្រួលក៏បានដេញគោដែលយកទៅឃ្វាលនៅឯវាលស្រែត្រឡប់មកផ្ទះ ពេលមកដល់ចំណុចវាលគោកតាម៉ាក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។សពក្មេងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីគណៈកម្មការចម្រុះត្រួតពិនិត្យរួច ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






