រយៈពេល ៦ឆ្នាំចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជួនបានចុះលេខបញ្ជីរថយន្តពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបានប្រមាណជាង ២២ម៉ឺនលេខ ដោយទទួលចំណូលបានជាង៨២លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០ ២២នេះ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល ស្មើនឹង ៨២ ៤១៨១២៥ ដុល្លារអាមេរិក។
ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួនជាង ៦ម៉ឺន ៤ពាន់លានរៀល កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំពិភាក្សាប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្តកាលដើមសប្តាហ៍នេះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានមានប្រសាសន៍ថាចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ត្រូវបានចាក់បញ្ចូលក្នុងថវិកាជាតិ។






