រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលនូវព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយថាកាតឈ្មោះ VIRUS SHUT OUT, Clode Wash និង Anti virus Card អាចការពារមេរោគ SARS និងCOVID-19 ។
លោកស្រីបានអះអាងថា កាតទាំងនេះមិនអាចការពារជំងឺខូវីដ១៩បានឡើយ។
ហើយចាត់ទុកការផ្សាយថាកាតនេះការពារជម្ងឺកូវីដបានគឺជាការបោកប្រាស់សូមប្រជាពលរដ្ឋកុំជឿ។
ការអំពាវនាវនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានឃើញការផ្សាយនៅបណ្ដាញសង្គមហ្វេសប៊ុក លក់កាតឈ្មោះ VIRUS SHUT OUT, Clode Wash និង Anti virus Card ដែលមានខ្លឹមសារផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ដ្រត្រឹមត្រូវដូចជា៖ របាំងការពារមេរោគ SARS មេរោគ Corona និងការពារបាក់តេរីផ្សេងៗជាដើម។
ករណីនេះក្រសួងសុខាភិបាល សូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាភូតកុហកទាំងនេះ ។
ក្រសួងសុខាភិបាលនៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបង្កើនការថែរក្សាសុខភាពហើយធ្វើអនាម័យអោយបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលទើបការពារកុំអោយឆ្លងកូវីដ១៩ថ្មីនេះ។






