រាជធានីភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ បានរត់ចូលរថភ្លើងកំពុងធ្វើដំណើរ បានបណ្តាលអោយកិនចំដងខ្លួន ដាច់ជាពីរកំណាត់ ស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែង។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០១ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ បុរសដែលធ្វើអត្តឃាតនោះឈ្មោះ ស៊ន សុវឌ្ឍនកា អាយុ ៣៨ឆ្នាំ មានលំនៅ ផ្ទះលេខ៧៤ ផ្លូវលេខ៣១៧ ក្នុងបឹងកក់ទី២ ខណ្ឌទួលគោក ដែលគេស្គាល់ថា ជាកូន ឧត្តមសេនីយ៍នគរបាលម្នាក់ និងជាមនុស្សញៀនថ្នាំ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ខណះពេលដែលរថភ្លើង វីអាភីដឹកភ្ញៀវទេសចរណ៍ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែបុរសម្នាក់នោះ ស្ទុះរត់ចេញពីក្នុងផ្ទះម្តាយធម៌ ចូលរថភ្លើងក៏ត្រូវកិនស្លាប់តែម្តង។
តាមសំដីរបស់ប្អូនធម៌បានអោយដឹងថា នៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ឈ្មោះ កា បានធ្វើដំណើរទៅផ្ទះរបស់ខ្លួន ទាំងភិតភ័យ មានយួរស្រាបៀរ និងនិយាយប្រាប់ថា ខ្លួនបានរត់ចេញពីផ្ទះសំណាក់ នៅម្តុំភ្នំពេញថ្មី ដោយឪពុកម្តាយដេញចាប់យកទៅដាក់មណ្ឌល ដោយខ្លួនមិនចង់ទៅទេ ព្រោះវេទនាណាស់។ ប្អូនធម៌បានបន្ដទៀតថា នៅមុនពេលកើតហេតុ បងធម៌ឈ្មោះកា កំពុងតែដេក ខណៈពេលដែលរថភ្លើងមកទន្ទឹម ក៍បានស្ទុះរត់ចេញ ទៅចូលរថភ្លើងដែលកំពុងធ្វើដំណើរ ក៏ត្រូវរថភ្លើងកិនស្លាប់ ដាច់ខ្លួនជាពីកំណាត់ ។
តាមនគរបាលអោយដឹងថា បុរសរូបនោះ ជាកូនប្រុស លោកឧត្តមសេនីយ៍នគរបាលនៅក្រសួងមហាផ្ទៃម្នាក់ ដែលញៀនថ្នាំប្រមាណជាង ១០ឆ្នាំមកហើយ និងត្រូវឪពុកម្តាយចាប់យកដាក់មណ្ឌលកែប្រែជាច្រើនលើកមកហើយដែរ។ ក្រោមកើតហេតុ សាកសពត្រូវបានក្រុមគ្រួសារ នាំយកទៅតំកល់នៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ម៉េង ធា











