សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា គណរដ្ឋមន្ត្រីនៅអាណត្តិថ្មីនេះ នឹងមិនមានរដ្ឋមន្ត្រីដែលកាន់កិច្ចការក្រសួងមានអាយុ លើសពី៧០ឆ្នាំនោះទេ ហើយក្នុងនោះមានសញ្ញាបត្របណ្ឌិតជាងកណ្តាល។
សម្តេចតេជោ បានអំពាវនាវឲ្យរដ្ឋមន្ត្រីចាស់ៗ លះបង់តំណែង និងអំណាចរបស់ខ្លួនទុកឲ្យជំនាន់ក្រោយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការលះបង់តំណែងជា នាយករដ្ឋមន្ត្រីទៅអ្នកបន្តវេននៅពេលនេះ គឺដើម្បីស្ថេរភាព សន្តិភាព និងការអភិវឌ្ឍបន្តទៀតនៅពេលខាងមុខ។
\សម្តេចតេជោ ជាអ្នកធ្លាប់ បានលះបង់យកជីវិតធ្វើ ដើម្បីទុនដើម្បីរំដោះប្រទេស ធ្លាប់បានយកជីវិតធ្វើដើមទុនដើម្បីបង្រួបបង្រួមជាតិ ដែលមិនចេះចប់មិនចេះហើយ ព្រមទាំងយកជីវិតនយោបាយរបស់សម្តេច ធ្វើជាដើមទុន នៃកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាជាដើម។ នៅពេលនេះសម្តេចតេជោ ចង់លះបង់សារជាថ្មីម្តងទៀត ដើម្បីសេចក្តីសុខ រយៈពេលវែងរបស់ប្រជាជន។
នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។ សម្តេចតេជោ បានអំពាវនាវរដ្ឋមន្ត្រីចាស់សូមលះបង់តំណែង និងអំណាចរបស់ ខ្លួនទៅអ្នកជំនាន់ក្រោយទៅ ដោយខ្លះនឹងបន្តជាទីប្រឹក្សារាជរដ្ឋាភិបាល ជាសមាជិកររដ្ឋសភា និងខ្លះបន្តឈរឈ្មោះជាសមាជិកព្រឹទ្ធសភា។
បើតាមការបង្ហើបសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពេលបច្ចុប្បន្ន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីនៅក្នុងគណរដ្ឋមន្ត្រីថ្មី អាណត្តិទី៧នេះ។
ទោះយ៉ាងណា សម្តេចតេជោ ក៏សម្រេចរក្សារដ្ឋមន្ត្រីអាណត្តិចាស់ បញ្ចូលក្នុងគណរដ្ឋមន្ត្រីថ្មី មួយចំនួន ដូចជាឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្មេងៗមួយចំនួនទៀត បានអមធ្វើជារដ្ឋលេខាធិការរួចទៅហើយ នឹងក្លាយជាអ្នកបន្តវេនដឹកនាំរាជរដ្ឋាភិបាលថ្មី៕






