ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នគរបាលបង្ក្រាបបានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ទៅលើជនជាតិចិន ដែលជនសង្សយ័បានប្រព្រឹត្តជាបន្តបន្ទាប់។
ហេតុការណ៍ទីមួយកើតឡើង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២ និង០០នាទីយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យមានគ្នា០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពដោយប្រើដាវ កាប់ និងវាយទៅលើបុរសជនជាតិចិនម្នាក់ ពេលដែលជនរងគ្រោះកំពុងឈរបទជើងតូច បណ្តាលឲ្យរងរបួសជាទម្ងន់។ ជនរងគ្រោះឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ HUNG LEI ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
បន្ទាប់មកទៀតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចផ្លូវកាស៊ីណូ ឡាយអ៊ិនស៊ីធីចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏មានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា (ទៅលើជនជាតិចិន) ចំនួន០២ករណីទៀត បានកើតឡើងជាបន្តបន្ទាប់ បង្កឡើងដោយជនសង្ស័យ០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពប្រើដាវកាប់ និងវាយ ទៅលើបុរសជនជាតិចិន០២នាក់ ពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញភ្លាមៗ។
សមត្ថកិច្ចនគរបាលឱ្យដឹងថា បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ បានចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង០០នាទី ទើបឈានទៅឃាត់ខ្លួន បានជនសង្ស័យចំនួន០២នាក់ រួចបន្តទៅឃាត់ខ្លួនបក្ខពួករបស់ពួកគេម្នាក់ទៀត។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ជនរងគ្រោះក្នុងករណីទី២ រួមមាន៖
១- ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅកាស៊ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
២- ឈ្មោះ WANG SI REA ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ។
ចំណែកជនសង្ស័យចំនួន ០៣នាក់ រួមមាន៖
១- ឈ្មោះ យ៉ា សុក្រី «ហៅកា» ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ អ្នកបើកម៉ូតូ)។
២- ឈ្មោះ ហាស់ អាល់ហ្វារី «ហៅឌួង» ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់)។
៣- ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់)។
ចំពោះវត្ថុតាងចាប់យកបាន រួមមាន ដាវ០១ដើម (ឧបករណ៍ធ្វើសកម្មភាព), ដំបងដែករលាស់០១ដើម (ឧបករណ៍ធ្វើសកម្មភាព), ម៉ូតូ០១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ ស្លាកលេខៈ «ភ្នំពេញ 1FP-8842» (មធ្យោបាយជិះធ្វើសកម្មភាព)។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ខាងលើនេះ បានសារភាពចំពោះសកម្មភាពដែលពួកគេបានប៉ុនប៉ងមនុស្សឃាតដោយចេតនា (ទៅលើជនជាតិចិន) ដូចដែលបានកើតឡើងខាងលើពិតប្រាកដមែន ដោយសារជនសង្ស័យខឹងនឹងជនរងគ្រោះ ដែលបានមកផឹកស៊ីនៅលើផែទូកទេសចរណ៍ ហើយចាប់អោបមិត្តស្រីរបស់ជនសង្ស័យ ជាហេតុធ្វើអោយជនសង្ស័យខឹងជាខ្លាំង ក៏នាំគ្នាជិះម៉ូតូ០២គ្រឿង និងមានគ្នា០៤នាក់ ទៅតាមកាប់ជនរងគ្រោះតែម្តង។ ហើយម្យ៉ាងទៀត ក្រុមជនសង្ស័យបញ្ជាក់ថា ពួកគេមិនចូលចិត្ត និងស្អប់ជនជាតិចិនតែម្តង។
ចំពោះករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបីនាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ នារសៀលថ្ងៃទី២៦ ខែ វិច្ឆិការ ម្សិលមិញនេះហើយ៕ មនោរៀ






