CGTN÷ ក្រុមសុខុមាលភាពសត្វអន្តរជាតិបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់សត្វដំរីចំនួន ១០០ក្បាលបានងាប់ នៅក្នុងឧទ្យានជាតិដ៏ធំបំផុតរបស់ប្រទេសហ្ស៊ីមបាវ៉េ ខណៈប្រភពទឹកបានរីងស្ងួត។ មូលនិធិអន្តរជាតិសម្រាប់សុខុមាលភាពសត្វ (IFAW) បាននិយាយថា រដូវប្រាំង បានអូសបន្លាយយូរ ដោយកាត់បន្ថយប្រភពទឹកដ៏សម្បូរបែបទៅជាភក់ នៅក្នុងឧទ្យានជាតិ ហាវ៉េណេ។
មូលនិធិអន្តរជាតិសម្រាប់សុខុមាលភាពសត្វ បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា យ៉ាងហោច ណាស់ដំរីចំនួន ១០០ ក្បាលត្រូវបានរាយការណ៍ថា បានងាប់រួចដោយសារតែខ្វះទឹក។
ហាវ៉េណេ គ្របដណ្តប់លើផ្ទៃដីជាង ១៤,៦០០ គីឡូម៉ែត្រការ៉េ និងជាជម្រកសត្វដំរីប្រហែល ៤ម៉ឺន ៥,០០០ក្បាល។
IFAW បានបន្តថា ទោះបីជាមានអណ្តូងថាមពលពន្លឺព្រះអាទិត្យចំនួន ១០៤ ក៏ដោយ អាជ្ញាធរឧទ្យានបាននិយាយថា វាមិនគ្រប់គ្រាន់ទេ ត្បិតសីតុណ្ហភាពក្តៅ ធ្វើឱ្យប្រភពទឹកបាត់បង់ បង្ខំឱ្យសត្វព្រៃដើរផ្លូវឆ្ងាយដើម្បីស្វែងរកអាហារ និងទឹក។
នៅក្នុងខែកញ្ញា ឧទ្យាន និងអាជ្ញាធរគ្រប់គ្រងសត្វព្រៃ Zimbabwe បានរាយការណ៍ថា “សត្វជាច្រើន” បានផ្លាស់ប្តូរពីឧទ្យានជាតិទៅកាន់ប្រទេសជិតខាង Botswana ក្នុងការស្វែងរកទឹក និងអាហារ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






