(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២)៖សមត្ថកិច្ចការពារ ព្រំដែនកម្ពុជា សរុបចំនួន១៤នាក់ កងកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៩១១ ចំនួន៤នាក់ យោធាការពារព្រំដែន គោកចំនួន៨នាក់ និងសមត្ថកិច្ចការពារព្រំដែនថៃ សរុបចំនួន៧នាក់ នៅវេលាម៉ោង៨និង៤០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ព្រឹកមិញនេះ បានជួបប្រជុំគ្នា នៅទីបញ្ជាការដ្ឋានកងអនុសេនាតូចទី២ នៃកងអនុសេនាធំល្បាតទី២ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខភូមិណងយ៉ាកែវ ឃុំ – ស្រុក
ឃោគស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ។
នគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ បានឲ្យដឹងនៅថ្ងៃនេះថា៖ ដោយអង្គភាពចាត់តាំងនៅព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនរិទ្ធិសែននិងប៉ុស្តិ៍ការពារព្រំដែនថ្នល់បែក សរុប៤នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ពុត រុណ និងលោក វរសេនីយ៍ត្រី រាជ្យ ម៉ូ ជានាយប៉ុស្តិ៍ បានចូលរួមជាមួយយោធា កងការពារព្រំដែន៥០៣ ចំនួន៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ិន ថុល មេបញ្ជាការកងអនុសេនាធំល្បាតទី២ បានជួបប្រជុំពិភាក្សាជាមួយទាហានឈុតខ្មៅថៃកងអនុសេនាធំ១.២០២ ចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សាន់យ៉ា គៀតឆុំ មេបញ្ជាការ កងអនុសេនាធំ១.២០២ ។
ជំនួបនេះ ធ្វើដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និង រួមគ្នាទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ។ រួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀន ទំនិញគេចពន្ធ ចោរកម្មឆ្លងដែន ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់ល្មើសឆ្លងដែនផ្សេងៗទៀត ។មួយវិញទៀតរាល់ហេតុការណ៍កើតឡើងនៅតាមព្រំដែន ត្រូវផ្តល់ព័ត៌មានឲ្យគ្នាបានដឹងទៅវិញទៅមក ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






