ឯកឧត្តមតាកាហាស៊ី ហ្វូមីយ៉ាគិ (TAKAHASHI Fumiaki) ប្រធានសមាគម JCA បានបញ្ជាក់ជូនឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា សមាគមជប៉ុន-កម្ពុជា និងប្រតិភូលើកកម្ពស់ការវិនិយោគជប៉ុន មាន បំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការបញ្ជាក់របស់ ប្រធានសមាគមជប៉ុននេះធ្វើឡើងនៅក្នុងឱកាសនៃជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលម៉ិញ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះភាពជោគ ជ័យនៃដំណើការរបស់សមាគម JCA ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យផ្សេងៗ រួមទាំងសេវាថែទាំរថយន្ត ការថែទាំ និងការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏អរគុណចំពោះសមាគម ដែលអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជា អាចចូលជាសមាជិករបស់សមាគមបានដូចទៅនឹងក្រុមហ៊ុនជប៉ុនដែរ។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជានិងស្វែងយល់ពីឱកាសវិនិយោគ និងសក្តានុពលរបស់កម្លាំងពលកម្មកម្ពុជា ជាពិសេសទទួលយកកម្មសិក្សាការី/ពលករជំនាញពីកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម តាកាហាស៊ី ហ្វូមីយ៉ាគិ សង្ឃឹមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តផ្តល់ការ សម្របសម្រួល និងកិច្ចសហការនានាសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដើម្បីអាចបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមនេះឯកឧត្តមជឿជាក់ថា នឹងមានក្រុមហ៊ុន រោងចក្រជប៉ុនជាច្រើនទៀត នាំយកមកនូវបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុនមកកម្ពុជាតាមរយៈការវិនិយោគផងដែរ៕






