សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យជប៉ុនបន្តជំរុញការអភិវឌ្ឍ នៅកំពុងផែក្រុងព្រះសីហនុ ធ្វើយ៉ាង ណាឲ្យជំរៅទឹកជ្រៅ អាចឲ្យនាវាធំៗ ដឹកទំនិញចូលដល់កំពុងផែក្រុងព្រះសីហនុ ដើម្បីឲ្យកំពុងផែក្រុងព្រះសីហនុ អាចមានសមត្ថភាពប្រកួត ប្រជែងខ្លាំង រួមទាំងការពន្លឿនការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
ក្នុងជំនួបជាមួយឯកឧត្តម គូម៉ូរ៉ា ម៉ាសាហីកូ អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិប តេយ្យសេរីជប៉ុន នៅវិមាន៧មករា ព្រឹកថ្ងៃទី២៤ ខែតុលា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់ថាសម្តេចតេជោ និងឯកឧត្តម គូម៉ូរ៉ា ធ្លាប់បានជួប និងស្គាល់ឯកឧត្តម ចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាទស្សន កិច្ច លើកដំបូងរបស់ឯកឧត្តម មកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ ទំនងរហូតមកដល់បច្ចុប្បន្ន។ សម្តេចតេជោបន្តថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានឯកឧត្តម គូម៉ូរ៉ា ទទួល ស្វាគមន៍ចំពោះសម្តេចជារៀងរហូត។
សម្តេចតេជោបន្តថា រយៈ ពេលជាង២ ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា គឺសម្តេចមហាបវេធិបតី បានចេញដំណើរប្រកប ដោយស្ថេរភាព និងមានថាមពលយូរអង្វែងសម្រាប់កម្ពុជា។
ឯកឧត្តម គូម៉ូរ៉ា បានសំដែងនូវការភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមមកកាន់កម្ពុជា កាលពីជាង២៥ឆ្នាំកន្លងមក ដែលនោះបង្ហាញពីស្នាដៃរបស់សម្តេចតេជោ និងឥស្សរជនកម្ពុជាដទៃទៀត ដែលបានលះបង់គ្រប់បែប យ៉ាងដើម្បីប្រជាជន រហូតមានការអភិវឌ្ឍគួរឲ្យស្ងប់ស្ងែងនេះ។
សម្តេចតេជោបានសំណូម ពរឲ្យ លោក អូគុប៊ុក បានបន្តការវិនិយោគ និងលើកទឹកចិតតឲ្យអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។ ដោយសារឆ្នាំ២០២៣នេះ គឺជាខួប ៧០ នៃទំនាក់ទំនងការទូតកម្ពុជា ជប៉ុន ភាគីទាំងពីរនិងប្រារព្វកម្មវិធីរួមគ្នាជាច្រើន រួមទាំងការបាញ់កាំជ្រួច នៅមុខព្រះបរមរាជវាំង ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចតេជោ និងឯកឧត្តម គូម៉ូរ៉ា បានសំដែងការពេញចិត្ត និងរីករាយចំពោះការរីក ចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឈានដល់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងរីករាយចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានលើក កម្ពស់ និងពង្រីកលើគ្រប់វិស័យ។
ប្រទេសទាំងពីរមានការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ ក្នុងនោះកម្ពុជាគាំទ្រជប៉ុន ជាសមាជិកអចិន្រៃ្តយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅពេលមានការកែទម្រង់។
សម្តេចតេជោបានកោតសរសើ ចំពោះឯកឧត្តម គូម៉ូរ៉ា ជាឥស្សរជនជប៉ុនមួយរូប ដែលបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានការរីកចម្រើន ជាដៃគូដ៏ល្អ ពោលគឺចាប់ តាំង ពីឆ្នាំ១៩៩០មក។
សម្តេចតេជោមានប្រសាសន៍ពីតួនាទីរបស់ជប៉ុន ក្នុងការដើរតួនាទីសំខាន់ក្នុងការស្វែង រកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ពិសេសជប៉ុនបានដើរតួនាទី និងផ្តល់មូលនិធិច្រើនជាងគេ នៅអង្គការ សហប្រជាជាតិ ដែលសក្តិសមទទួលបាននូវតួនាទីកំពូលនោះ។
សម្តេចតេជោបន្តថា កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូ-ប៉ាស៊ីហ្វីកសេរី និងបើក ចំហ ដែលគំនិតផ្តួចផ្តើមនោះ ឈរលើគោលដៅសំខាន់៣ គឺទី១បម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ ទី២ មិនប្រឆាំងនិងប្រទេសណាមួយ និងទី៣គាំទ្រចំពោះមជ្ឈភាពរបស់ប្រទេសអាស៊ាន។ សម្តេចផ្តល់នូវសេចក្តីសង្ឃឹមថា ជប៉ុននិងបន្តជួយកម្ពុជាថែមទៀត ទៅលើវិស័យហេដ្ឋរចនាសម្ព័ន្ធចាំបាច់៕






