សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនគាំទ្រដាច់ខាតចំពោះការធ្វើប្រជាមតិរបស់រុស្ស៉ី ដើម្បីយកទឹកដីផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែន ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជិត៣ ពាន់គ្រួសារបន្ថែមទៀត នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីសំណើសុំការបញ្ជាក់ជំហររបស់ក្រសួងការបរទេសកម្ពុជា ជុំវិញការធ្វើប្រជាមតិរបស់រុស្ស៉ី។ សម្តេចបានបញ្ជាក់ថា សម្តេចធ្លាប់បានបញ្ជាក់ហើយ ថាយើងអត់គាំទ្រទេ ហើយយើងប្រឆាំងជាមួយនឹងការបង្កើតរដ្ឋ ផ្តាច់រដ្ឋ ផ្តាច់ទឹកដី ហើយនឹងការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង។
សូមជម្រាបថា រុស្ស៉ីបានរៀបចំបោះឆ្នោតធ្វើប្រជាមតិកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន គឺលូហាន ដូណេត តំបន់ឃើសុន និងតំបន់ហ្សាប៉ូរីហ្ស៉ីយ៉ា (Zaporizhzhia)។ តំបន់ទាំង៤នេះ តំណាងឱ្យប្រមាណ ១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងអស់។ ក្នុងតំបន់ចំនួន៤ នៃប្រទេសអ៊ុយក្រែនបានប្រកាសពីជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ខណៈសហរដ្ឋអាមេរិកគ្រោងនឹងជំរុញឱ្យមានការអនុម័តលើដំណោះស្រាយ UN ថ្កោលទោសការបោះឆ្នោតប្រជាមតិ មួយនេះ៕






