សហរដ្ឋអាមេរិកបានចំណាយប្រាក់មិនតិចទេក្នុងសង្គ្រាមរយៈពេលមួយឆ្នាំនៅមជ្ឈិមបូព៌ា។ ខណៈមានមនុស្សរាប់ម៉ឺននាក់ស្លាប់នៅអ៊ីស្រាអែល ហ្កាហ្សា លីបង និងប្រទេសផ្សេងទៀត សហរដ្ឋអាមេរិក កំពុងចំណាយធនធានរបស់ខ្លួនយ៉ាងច្រើនលើអំពើហិង្សាដែលនៅតែបន្ត។
ការសិក្សាថ្មីមួយដោយគម្រោងការខាតបង់ដោយសារសង្រ្គាម(Costs of War Project) នៅសាកលវិទ្យាល័យ Brown សហរដ្ឋអាមេរិក បានកំណត់យ៉ាងជាក់លាក់នូវការចំណាយនោះគឺ៖ យ៉ាងហោចណាស់ ២២,៧៦ ពាន់លានដុល្លារ ចាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។
កញ្ចប់ថវិកាភាគច្រើន១៧,៩ ពាន់លានដុល្លារត្រូវបានចំណាយលើជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាអ៊ីស្រាអែល – ទាំងជំនួយហិរញ្ញវត្ថុដែលបានផ្តល់ឱ្យអ៊ីស្រាអែលដើម្បីទិញសព្វាវុធ ទាំងការចំណាយលើអាវុធដូចជាគ្រាប់កាំភ្លើងធំ ដែលបញ្ជូនដោយផ្ទាល់ពីឃ្លាំងស្តុករបស់អាមេរិកទៅឱ្យកងទ័ពអ៊ីស្រាអែល។ គេពុំរាប់បញ្ចូលទេលើការចំណាយដោយប្រយោលដូចជា ការបង្កើនជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកដល់ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ឬប្រទេសផ្សេងទៀត និងការចំណាយសម្រាប់ឧស្សាហកម្មអាកាសចរណ៍ពាណិជ្ជកម្ម និងសម្រាប់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក៕






