ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ជិះម៉ូតូទៅដឹកប្រពន្ធ ត្រូវររថយន្ត១គ្រឿង បុកស្លាប់នៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃសុក្រ ១៥កើត ខែបឋមាសាឍ ឆ្នាំចសំរិទ្ធសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោជិត៦ នៅខាងជើងផ្សារត្រី ចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំ រស់នៅផ្ទះជួលមួយកន្លែង (មិនស្គាល់) នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប្រពន្ធជនរងគ្រោះបានបន្ថែមអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូទៅយកគាត់ (ប្រពន្ធ) ដើម្បីទៅចូលរួមដង្ហែបក្ស នៅព្រឹកថ្ងៃទី២៧ នេះ។
ប្រភពសមត្ថកិច្ចប្រាប់ថា មុនកើតហេតុរថយន្តបង្ករពណ៍ស ស្លាកលេខ1541 អត់ស្គាល់ម៉ាក បើកក្នុងទិសដៅពីកើតទៅលិច មានល្បឿនលឿន លុះដល់ផ្លូវបំបែកជាបួនមិនបង្អង់ ចំណែកជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅស្លាកលេខ “បន្ទាយមានជ័យ 1D-3489” ពីជើងទៅត្បូង ជ្រុលមកមុខបំណងឆ្លងផ្លូវ ក៏ត្រូវរថយន្ដបង្ករ បុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
លោកអនុសេនីយ៍ឯក សុិន ដូនី នគរបាលចរាចរណ៍នៃអធិការដ្ឋានបានអោយដឹងថា រថយន្តបង្ករបានបើកគេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឈានទៅដល់ឃាត់ម្ចាស់ និងរថយន្ត ឯម៉ូតូជនរងគ្រោះ បានយកទៅរក្សារទុកនៅអធិដ្ឋានក្រុងប៉ោយប៉ែត រងចាំដោះតាមនីតិវិធី៕ វណ្ណា













