ខេត្តព្រះសីហនុ ៖ ទីតាំងភ្នំមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្បែរមូលដ្ឋានកងទ័ពជើងទឹករាម ត្រូវបានក្រុមហ៊ុនចិនមួយ ជីកកកាយយ៉ាងអនាធិតេយ្យ យកអាចម៍ដីមកចាក់ចូលសមុទ្រ ប្រមាណរាប់សិបម៉ែត្រ ដោយពុំមានច្បាប់ទាល់តែសោះ។
ទាក់ទិនទៅនឹងបញ្ហានេះ ពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើននាក់ បានបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាថា កន្លងមកលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ធ្លាប់បានចេញសេចក្តីប្រកាសថា អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវតម្រូវឲ្យក្រុមហ៊ុនវិនិយោគទាំងអស់ ស្នើសុំអនុញ្ញាតរួចរាល់ជាមុនសិន ទើបឲ្យបើកការដ្ឋានស្ថាបនា។ ប៉ុន្តែពេលនេះ ហេតុអីបានជាក្រុមហ៊ុនវិនិយោគចិន បែរជាពុំទាន់មានច្បាប់គ្រប់គ្រាន់ផង បែរជាអាចជីកកកាយដីភ្នំ ចាក់ដីលុបសមុទ្ររាប់រយម៉ែត្រហើយ ទើបមានរដ្ឋបាលស្រុកចុះឃាត់ផ្អាកសកម្មភាព។ ដូចនេះ ក្នុងនាមជាប្រជាពលរដ្ឋ សូមស្នើដល់ប្រមុខរាជរដ្ឋភិបាល ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ សូមមេត្តាពិនិត្យលើបញ្ហានេះផង កុំឲ្យមានពាក្យចចាអារាម ខុសជាន់លើខុស ដោយសារមន្ត្រីថ្នាក់ក្រោមមិនធ្វើការ។
ចំណែកលោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីររ៉ែ និងថាមពល បានគូសបញ្ជាក់ថា ជុំវិញការដ្ឋានមួយនេះពុំទាន់មានច្បាប់ពីមន្ទីរបស់លោកនៅឡើយទេ ព្រោះការដ្ឋានមួយនេះ គឺកាយដីធ្វើសកម្មភាពនៅក្នុងបរិវេននៃច្បាប់វិនិយោគ។
ដោយឡែកជុំវិញបញ្ហានេះផងដែរ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានអះអាងថា ចំពោះការដ្ឋានមួយនេះ ត្រូវបានលោកបញ្ជាឲ្យរដ្ឋបាលស្រុកចុះធ្វើកំណត់ហេតុផ្អាកសកម្មភាព និងបានឃាត់គ្រឿងចក្រមួយគ្រឿងមករក្សាទុករង់ចាំក្រុមហ៊ុនមានច្បាប់គ្រប់គ្រាន់ ទើបឲ្យដំណើរការវិញបាន៕ ដោយ មនោរៀ






