តបតាមការអញ្ជើញរបស់រដ្ឋាភិបាលព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ។
នៅរសៀលថ្ងៃអង្គារ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាគន្លឹះស្តីពី “កិច្ចសហប្រតិបត្តិការ កិច្ចសហការ និងយុវជន៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងនរន្តភាព” ដល់ក្រុមនិស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Universiti Brunei Darussalam ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការទទួលស្គាល់របស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ចំពោះការចូលរួមវិភាគទានរបស់យុវជន នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន ហើយបានរំលេចពីតួនាទីដ៏មានសារៈសំខាន់ដែលយុវជនអាស៊ាន ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំង ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យក្រុមនិស្សិត សិក្សាបន្ថែមទៀតអំពីអាស៊ានផងដែរ។






