នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងសម័យបើកវេទិកាអនាគតអាស៊ាន ដែលផ្តួចផ្តើម និងរៀបចំដោយប្រទេសវៀតណាម ក្រោមប្រធានបទ “ឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៃសហគមន៍អាស៊ានមួយដែលយកប្រជាជនជាស្នូល”។ នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីនៃវេទិកាអនាគតអាស៊ាន ដែលជាវេទិកាសម្រាប់អាស៊ាន និងដៃគូ ក្នុងការចែករំលែកគំនិតថ្មីៗ និងអនុសាសន៍គោលនយោបាយ។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីពេលវេលាដ៏សមស្របនៃការរៀបចំវេទិកានេះ ដើម្បីគិតគូរពីអនាគត ជាពិសេស ស្របពេលដែលអាស៊ានកំពុងតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងរៀបចំផែនការយុទ្ធសាស្ត្ររបស់ចក្ខុវិស័យនេះ។






