(ខេត្តព្រៃវែង): អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី បានណែនាំអោយកង កម្លាំងទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវរឹតបន្តឹងចំពោះការលួចចេញចូលខុសច្បាប់របស់ប្រជាជននៃប្រទេសទាំងពីរ គោលបំណងដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺកូវីដ-១៩ ស្របតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីផ្ញើជូនជនរួមជាតិអំពីវិធានសុខាភិបាល។ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុក រួមជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យកន្លែងធ្វើចត្តាឡីស័កតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងតំបន់ស្នាក់ការច្រកទ្វារស្វាយអាង៉ោងស្ថិតក្នុងស្រុក កំពង់ត្របែក ខេត្តព្រៃវែងផងដែរនិងបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជាការលើកទឹកចិត្តដល់កម្លាំងធ្វើចត្តាឡីស័កតាមបន្ទាត់ព្រំដែនផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាជនទាំងកម្ពុជា និងវៀតណាម មិនត្រូវចល័តលួចឆ្លងដែនខុសច្បាប់ឡើយ ក្នុងដំណាក់កាលនេះអាចមានហានិភ័យខ្ពស់ទាំងផ្នែកសន្តិសុខ និងសុខភាព។
ទន្ទឹមនឹងនេះ ដើម្បីការពារសុខភាពរបស់បងប្អូន និងក្រុមគ្រួសារ ក៏ដូចជាសុខភាពសាធារណៈ បងប្អូន នឹងត្រូវក្រុមការងារចត្តាឡីស័កកម្ពុជានៅតាមច្រកព្រំដែន កម្ពុជា-វៀតណាម យកសំណាកទៅពិនិត្យជំងឺកូវីដ-១៩ និងដាក់អោយធ្វើ
ចត្តាឡីស័កនៅព្រំដែនចំនួន១៤ថ្ងៃបើទោះបីជាបងប្អូនឆ្លងចូលមកកម្ពុជា តាមច្រកណាមួយក៏ដោយ។ម្យ៉ាងវិញទៀត បងប្អូន អាចប្រឈមនឹងការឃាត់ខ្លួន និងរងការពិន័យរបស់អាជ្ញាធរកម្ពុជាក្នុងពេលធ្វើដំណើរខុសនឹងបំរាមរបស់អាជ្ញាធរកម្ពុជាយើង៕
ដោយ៖ស៊ីម សាន់(កែសម្រួលដោយ មណ្ឌល កែវ)







