ប្រទេសអូស្រ្តាលី នឹងបន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌រហូតដល់ឆ្នាំ២០២៥។
ការបញ្ជាក់របស់ឯកឧត្តមJustin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា ក្នុងជំនួបជាមួយនឹងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមានកម្ពុជា កាលម្សិលមិញ។
ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទីមួយអាជ្ញាធរមីនកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រ តិបត្តិការសកម្មភាពមីននៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។
ប្រទេសអូស្រ្តាលីគឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដែលបច្ចុប្បន្ននេះកំពុងចូលរួមវិភាគទានតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ។
ក្រៅពីការងារបោសសម្អាតមីន ប្រទេសអូស្រ្តាលី ក៏បានចូលរួមដល់កសាងសមត្ថភាព និងការគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ បានលើកឡើងអំពីវឌ្ឍនភាពនៃការងារបោសសម្អាតមីន និងការរៀបចំផែនការបន្តឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ចាប់ពីឆ្នាំ២០២៣ ស្របតាមទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ខ្ញុំបានបញ្ជាក់បន្ថែមទៀតថា ទោះបីសកម្មភាពមីនកម្ពុជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ កម្ពុជា នៅតែបន្តត្រូវការការចូលរួមពីប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន។
ឯកឧត្តម Justin Kevin Whyatt បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអូស្រ្តាលី លើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងការចូលរួមការងារបោសសម្អាតមនុស្សធម៌ អស់រយៈពេល ៣០ឆ្នាំ។
ឯកអគ្គរដ្ឋទូតអូស្រា្តលី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃសកម្មភាពមីននៅកម្ពុជា ដោយឃើញពីយក ចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីវិស័យឯកជន និងសប្បុរសជននានា។
ប្រទេសអូស្រ្តាលី នឹងបន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌រហូត ដល់ឆ្នាំ២០២៥ និងរីករាយក្នុងភាពជាដៃគូ និងកិច្ចប្រតិបត្តិសហការជាមួយអាជ្ញាធរមីន៕






