ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កម្ពុជាបានទទួល ផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងជំរុញការតភ្ជាប់ក្នុងប្រទេស និងក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មរបស់កម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ នៅទីក្រុងហុងកុងក្រោមប្រធានបទ៖ “ឆ្ពោះកាន់ទៅទំព័រថ្មី កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍” ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាកាតាលីក រថ្មី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោកនិងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោក លើវិស័យជាច្រើនរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងវិនិយោគ ។
ក្រៅពីការជំរុញការតភ្ជាប់ សង្គម វប្បធម៌ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ឯកឧត្តមបានបន្ថែមថា គំនិតផ្តួចផ្តើមខាងលើ ក៏បានជួយកម្ពុជាក្នុងការពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ផងដែរ។
សូមជម្រាបជូនដែរថា៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈ ការជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕






