នៅព្រឹកថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១១:០០ ព្រឹក នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបប្រជុំ ជាមួយបណ្តាប្រធានបេសកកម្មនៃរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលមានមូលដ្ឋាន ក្នុងទីក្រុងហ្សាការតាចំនួន ២០ ប្រទេស។
នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលមានអាយុកាលជាង ៤៥ ឆ្នាំហើយ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា អាស៊ានទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងភាពជាដៃគូរវាងអាស៊ាន និងសហភាពអឺរ៉ុប ឱ្យកាន់តែប្រសើរ៕






