សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។
ការសម្រេចប្រកា សឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រា ញ់រ៉ែមាសគឺ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។
ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមា ណ១៤ឆ្នាំមកហើយ។
សម្តេចតេជោ បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈ ពេល ៨ឆ្នាំដំបូង។
ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិ បា ល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។
សម្តេចតេជោ បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកនៅក្នុងវិស័យរ៉ែពិតជាអាចទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយការ ទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម៕






