ខេត្តព្រះសីហនុ ៖ កម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ជាថ្មីទៀតហើយ ពាក់ព័ន្ធការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបំរើសេវាកម្មផ្លូវភេទ នៅក្នុងក្រុងព្រះសីហនុ។
ជនជាតិចិនទាំង៤នាក់នោះ មានប្រុស២នាក់ ស្រី២នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២៣និង៣០នាទីយប់ នៅចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
សមត្ថកិច្ចនគរបាលឲ្យដឹងថា សកម្មភាពនេះ សមត្ថកិច្ចបានដកហូតបាន ភស្តុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទចំនួន៤គ្រឿង, ខិត្តប័ណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក និងរថយន្តមួយគ្រឿង ម៉ាកលុចស៉ីសពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2O-8959 ផងដែរ។
ជនជាតិចិនទាំង ៤នាក់ មានឈ្មោះដូចខាងក្រោម៖ 1- Xiang zi អាយុ១៩ឆ្នាំ ភេទស្រី, 2- Chao jian ring អាយុ១៨ឆ្នាំ ភេទស្រី, 3- Liu xiong fei អាយុ២៧ឆ្នាំ ភេទប្រុស និង 4- Duan yu cheng អាយុ ៣៦ឆ្នាំ ភេទប្រុស។
ករណីនេះកម្លាំងជំនាញកំពុងបន្តសាកសួរ ដើម្បីឈានទៅកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង បន្តតាមនីតិវិធីច្បាប់៕








