
(ក្រុងប៉ោយប៉ែត,ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២០)៖សមត្ថកិច្ចទាហានស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ចាប់ឃុំខ្លួនពលករខ្មែរ ដែលលួចចូលប្រទេសបានជាបន្តបន្ទាប់ចំនួន៣នាក់កាលពីវេលាម៉ោង២២,៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ។
ទាហានកងកម្លាំងបូរផាស្រុកតាប្រាយ៉ា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទី១២ បានល្បាតក្នុងតំបន់ដែលទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលរាជាណាចក្រថៃ និងទង្វើខុសច្បាប់ផ្សេងៗ ក្នុងអំឡុងនៃការរាត្បាតរបស់កូវិដ-19 បានប្រទះឃើញក្រុមបុគ្គលរួមទាំងថង់ដាក់សម្ភារៈ មានប្រុស១នាក់ និងស្រី២នាក់ កំពុងដើរចូលមកតាមច្រករបៀង ទិសខាងកើតរបស់ថ្នល់ សិរី ផេញ ចន្លោះចំណុចត្រួតពិនិត្យទី09-10 ភូមិសែង ឃុំទ័ពស្ដេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ។
ក្រោយពីធ្វើការត្រួតពិនិត្យក្រុមបុគ្គលខាងលើ គឺជាពលករខ្មែរ និងមិនមានឯកសារធ្វើដំណើរពួកគេទាំង៣នាក់រួមមានឈ្មោះ៖រឿង ប៉ុ ប្រុស អាយុ៣៥ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ។
ឈ្មោះ ចាន់ រ៉ើម ស្រី អាយុ២៥ឆ្នាំ មកពីខេត្តសៀមរាប និងឈ្មោះ ភឿ ភុំ ស្រី អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប។ជនសង្ស័ទាំង៣នាក់ បានសារភាពថា ចូលប្រទេសថៃដោយខុសច្បាប់ពិតមែន ដោយបានលួចចូលមកតាមច្រករបៀង ដើម្បីធ្វើដំណើរទៅធ្វើការសំណង់នៅ ឡាត ប្រាវ ក្រុងថេប មហានគរ។
យ៉ាងណាក៏ដោយ ពលករខ្មែរទាំងនោះបានប្រាប់ទៀតថា នៅពេលមកដល់ចំណុចណាត់ជួបហ្នឹងមានរថយន្តមកទទួលបញ្ជូនទៅក្រុងថេប មហានគរ ទើបសមត្ថកិច្ចធ្វើការឃុំខ្លួននិងចោទប្រកាន់ពីបទ បុគ្គលបរ ទេសលួចចូលប្រទេស និងស្នាក់នៅដោយមិនមានការអនុញ្ញាតិ បន្ទាប់មកបាននាំខ្លួនអ្នកទាំង៣ បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់ និងបណ្ដេញឲ្យត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)


