ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានផ្ញើរលិខិតមួយទៅកាន់អគ្គស្នងការនគរបាលជាតិ ដោយស្នើសុំ អោយមានការចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនផ្តល់ប្រាក់កម្ចីជាង២០ក្រុមហ៊ុន ដោយហេតុផលថា ក្រុមហ៊ុន ទាំងនោះកំពុងផ្តល់សេវាប្រាក់កម្ចីខុសច្បាប់។
បើតាមលិខិតរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីបញ្ជីរាយនាមក្រុមហ៊ុនផ្តល់កម្ចីចំនួនជាង២០ក្រុមហ៊ុន ដោយបញ្ជាក់ថាក្រុមទាំងនោះ សុទ្ធសឹងតែមិនបានទទួលការអនុញ្ញាតឲ្យផ្តល់សេវាកម្ចីពី ធនាគារជាតិនៃកម្ពុជានោះទេ។
នៅក្នុងលិខិតនោះក៏បានបញ្ជាក់ដែរថា កម្ចីពីក្រុមហ៊ុនទាំងនោះមានហានិភ័យខ្ពស់ ហើយអាចបង្កជាបញ្ហាធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ដូចនេះដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងទប់ស្កាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនខុសច្បាប់ ធនាគារជាតិនៃកម្ពុជា បានស្នើសុំ អគ្គស្នងការនគរបាលជាតិចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនផ្តល់កម្ចីទាំងឡាយ ដែលមិនបានចុះបញ្ជី ឬទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
គួរកត់សំគាល់ថា នាពេលថ្មីនេះ មានការផ្សព្វផ្សាយមួយចំនួន តាមរយៈហ្វេសប៊ុក ការផ្ញើសារតាមទូរស័ព្ទ និងការចែកនាមប័ណ្ណ ជាដើម ដែលបញ្ជាក់ពីការផ្តល់សេវាកម្ចីរហ័ស មានលក្ខខណ្ឌងាយស្រួល មិនតម្រូវឲ្យមានវត្ថុបញ្ចាំ និង អ្នកធានាទៀតផង។ ប៉ុន្តែអ្នកផ្តល់កម្ចីទាំងនោះ មិនបានបង្ហាញអត្រាការប្រាក់ជាក់លាក់ ឬកម្រៃសេវាបន្ថែមផ្សេងៗ នោះឡើយ។
គួរបញ្ជាក់ដែរថា ក្រៅពីបញ្ហានៃការផ្តល់ប្រាក់កម្ចីខុសច្បាប់នេះកាលពីពេលកន្លងមក ធនាគារជាតិនៃកម្ពុជា ក៏បានចេញសេចក្តីប្រកាស កុំអោយប្រជាពលរដ្ឋមានការចាញ់បោកក្នុងប្រតិបត្តិការដាក់ប្រាក់បញ្ញើ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនផងដែរ ដោយធនាគារជាតិនៃកម្ពុជា បានប្រកាសទទួលស្គាល់ថា មានតែធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតអោយទទួលប្រាក់បញ្ញើរពីសាធារណជន ក្នុងនោះមាន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ VisionFund Cambodia LTD, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK PLC, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Kredit PLC, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Amret Co.,Ltd, និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ LOLC Cambodia PLC ៕ អត្ថបទដោយ៖ វ៉ាន់ ១មករា រូបភាពពីបណ្តាញសង្គម














