វៀងច័ន្ទ)៖ នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) បានប្រកាសឲ្យផ្អាកផ្តល់ទិដ្ឋាការ ដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ និងបានបញ្ជាឲ្យបិទគ្រឹះស្ថានអប់រំ គ្រប់កម្រិតទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលចេញផ្សាយព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា៖ក្នុងកិច្ចប្រជុំប្រចាំខែនៃគណៈរដ្ឋមន្ត្រីឡាវ ដែលបានប្រព្រឹត្តិទៅកាលពីម្សិលម៉ិញនេះឯ.ឧនាយករដ្ឋមន្រ្តីឡាវបានលើកឡើងថា រាល់ទិដ្ឋាការបរទេសទាំងអស់ត្រូវបានផ្អាកមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ សម្រាប់អ្នកដែលមានទិដ្ឋាការចូលរួចហើយ ត្រូវនាំមកជាមួយនូវលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការធ្វើដំណើរជាចាំបាច់។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានបញ្ជាឲ្យបិទ គ្រឹះស្ថានអប់រំគ្រប់កម្រិតទាំងអស់ ដោយគិតចាប់ពីសាលាមត្តេយ្យ រហូតដល់សាកលវិទ្យាល័យ ដើម្បីជាវិធានការការពារទុកជាមុន កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺ COVID-19។
គួរជម្រាបថា រហូតមកដល់ពេលនេះ ប្រទេសឡាវមិនទាន់មានសេចក្តីរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ទេ៕







