(ព្រៃវែង) ៖ ពិធីបុណ្យឡើងអ្នកតា មេ ស នៅស្រុកបាភ្នំ ខេត្តព្រៃវែង គឺតែងតែប្រារព្វធ្វើងជារៀងរាល់ឆ្នាំនៅចំណុចតារាង បាល់ទាត់ទល់មុខសាលាស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីនេះបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ២៦ ២៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមពីក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងអាជ្ញាធរស្រុកខេត្ត រួមជាមួយគណៈកម្មាធិការទ្រទ្រង់អាស្រមអ្នកតាមេ សរ។ ជាមួយគ្នានោះ គេសង្កេតឃើញប្រជាពលរដ្ឋជិតឆ្ងាយនិងភ្ញៀវជាតិអន្តរជាតិ បានមកលេងកម្សាន្តល្ខោនល្បែងល្បាំប្រជាប្រិយគ្រប់ប្រភេទ និងមានការតាំងពិព៏ណលក់ទំនិញម្ហូបអាហារគ្រប់មុខផងដែរ។
ទន្ទឹមនឹងនោះ ក៍មានប្រជាពលរដ្ធបានសម្តែងការសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែល តែងតែប្រារព្វធ្វើពិធីបុណ្យនេះឡើង ដើម្បីរំឮកដឹងគុណពីជីវៈប្រវត្តិអ្នកតា មេ សរ និងទំនៀនទំលាប់ប្រពៃណីខ្មែរ។ បើតាម លោកតា ប៊ុត ប៊ុនជា អាយុ៧១ឆ្នាំ ដែលជាប្រធានទ្រទ្រង់អាស្រមអ្នកតា មេ សរ បានរៀបរាប់ពីជីវៈប្រវត្តិរបស់អ្នកតា មេ ស នៅស្រុកបាភ្នំ ខេត្តព្រៃវែង ដោយបច្ចុប្បន្ននៅក្នុងខ្ទមមានអ្នកតា មេ សរ និងមានរូបសំណាក់បីរួមមាន៖
មនុស្សស្រីដែលឈរនៅកណ្តាលមានដៃបួន គឺមានឈ្មោះថាអ្នកតា មេ សរ ជាមេធំរូបឈរខ្លួនមនុស្សក្បាលដំរីដូច ព្រះគណេសមានឈ្មោះថា គិរី ផល។ រីឯរូបសំណាក់ជួតក្បាលកន្សែងក្រហមឈ្មោះថា គិរី ជោត ដែលត្រូវជាកូនលោក តា គិរី ផល និងលោកយាយ មេ សរ
ហើយនៅមានរូបសំណាកតូចៗ ២ទៀតគឺឈ្មោះមេទ័ព តេជោ និងលោកយាយ រតនៈ ដែលអ្នកទាំង២ត្រូវជាមាតាបិតា របស់លោកតា គិរី ផល។
លោកតាបន្តថានៅសម័យនគរភ្នំមានកំលោះម្នាក់ឈ្មោះ គិរី ផល ដែលមានឪពុកជាមេទ័ពមានងារជាតេជោ និងម្តាយ ឈ្មោះ រតនៈ រស់នៅតំបន់បាភ្នំ។ ហើយកាលណោះនគរភ្នំបានចងសម្ព័ន្ធភាពការទូតជាមួយប្រទេសក្រិក ក្នុងពេល កំលោះ គិរី ផល ពេញវ័យព្រះរាជានគរភ្នំ។ បានបញ្ជូនឲ្យទៅរៀនយុទ្ធសាស្ត្រសិល្ប៍វិជ្ជានៅប្រទេសក្រិក ជាមួយបុរសខ្មែរម្នាក់ ទៀតដែលខ្លាំងពូកែក្នុងនគរ។
នៅប្រទេសក្រិក កំលោះ គិរី ផល ក៏បានជួបនឹងនារីម្នាក់ឈ្មោះ មេ សរ ដែលជាកូនស្រីមេទ័ពប្រទេសក្រិក លុះរយៈពេល ៧ឆ្នាំ ការសិក្សាបានបញ្ចប់តែព្រះរាជាក្រិក មិនអនុញ្ញាតឲ្យគិរីផលមកនគរភ្នំវិញទេ។ព្រមទាំងបានតែងតាំងឲ្យធ្វើជាមេទ័ព ប្រចាំប្រទេសរបស់ខ្លួនទៀតផង។ ក្រោយមកមេទ័ពគិរីផលក៍បានរៀបការជាមួយកញ្ញា មេ ស រួមរស់ជាមួយគ្នាបាន កូនប្រុសម្នាក់គឺឈ្មោះ គិរី ជោត។
នៅក្នុងអំឡុងពេលនគរភ្នំមានចម្បាំងជាមួយនគរចម្ប៉ា ហើយដំណឹងនេះក៏បានឮដល់មេទ័ព គិរី ផល ក៏បានរត់គេចខ្លួន តែម្នាក់ឯងមកកាន់នគរភ្នំវិញ។ លុះព្រះរាជាក្រិកដឹងរឿងនេះមានការខឹងសម្បាយ៉ាងខ្លាំងនឹងបានចេញបញ្ជាឲ្យយកហិប សម្រាប់កាត់ក្បាល គិរីផល។ បន្ទាប់មកនាង មេ សរ និងកូនប្រុសក៏បានមកដល់នគរភ្នំដែរ។ តែវាយឺតពេលទៅហើយ ពីព្រោះមេទ័ព គិរីផល បានសុខចិត្តឲ្យគេកាត់ក្បាលដាក់ក្នុងហិបដើម្បីជាថ្នូរមិនប្រកាសសង្រ្គាមជាមួយប្រទេសក្រិក។នៅពេលនាង មេ ស ឃើញសពប្តីអត់ក្បាលបែបនេះ ចៃដន្យមានព្រានព្រៃមួយក្រុមទើបនឹងបាញ់បានកូនដំរីមួយ ក៏សុំ កាត់ក្បាលកូនដំរីនោះយកមកភ្ជាប់ជាមួយដងខ្លួនប្តី ក្រោយមកមេទ័ពគិរីផលក៏ដឹងខ្លួនឡើងវិញគឺបានត្រឹមតែប្រើកាយវិការ ងោកក្បាលតែប៉ុណ្ណោះ ពីព្រោះដោយសារតែខ្លួនមានក្បាលជាដំរីនិយាយមិនកើត។
អស់រយៈកាលជាច្រើនឆ្នាំក្រោយមក ពេលអ្នកទាំងបីស្លាប់អស់ទៅព្រះរាជានគរភ្នំក៏បានចាត់ឲ្យគេសាងប្រាង្គមួយ នៅលើ ទីទួលខ្ពស់ត្រដែតសម្រាប់តម្កល់រូបសំណាក់អ្នកទាំងបីរួមទាំងឪពុកម្តាយរបស់លោកមេទ័ព គិរីផល ផងដែរសម្រាប់រំលឹក ធ្វើបុណ្យ។ ហើយចាប់ពីពេលនោះមកអ្នកស្រុកក៏នាំគ្នាសន្មត់ ហៅរូបសំណាកនៅលើទីទួលនោះថាអ្នកតា មេ ស មកទល់ សព្វថ្ងៃនេះ។ ហើយក៏នាំគ្នាធ្វើបុណ្យជារៀងរាល់ឆ្នាំដែលអ្នកស្រុកបាភ្នំហៅថាបុណ្យឡើងអ្នកតា មេ.សរហូតដល់បច្ចុប្បន្ន។ទីទួលអ្នកតា មេ ស នេះគឺជាកន្លែងដែលបង្កប់នូវអាថ៌កំបាំងនិងអាចនិយាយបានថាជាតំបន់ពូកែសក្ត័សិទ្ធដែលមនុស្ស ទូទៅមានជំនឿយ៉ាងខ្លាំងបាននាំគ្នាមកបន់ស្រន់។
លោកតា ប៊ុត ប៊ុន ជាបានឲ្យដឹងទៀតថាកាលសម័យនោះគេតែងតែយកមនុស្សដើម្បីបូជាយញ្ញថ្វាយអ្នកតា មេ ស ដែលប្រពៃណីនេះកើតមានរហូតដល់ជំនាន់លោកក្រឡាហោមឈាង.ហាក់ដែលមានងារជាធម្មាតេជោជាមេទ័ពខាងជើងទឹកនិងជាចៅហ្វាយខេត្តបាភ្នំក្នុងសម័យនោះ។ ការប្រារព្ធពិធីនេះគេធ្វើឡើងពី៥ទៅ៧ថ្ងៃ ដែលមានប្រជាជនគ្រប់ភូមិស្រុក ចំណុះឲ្យខេត្តបាភ្នំចូលរួមយ៉ាងច្រើនកុះករគេសង់រោងបុណ្យក្បែរវត្តវិហារធំនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រពីខ្ទមអ្នកតា មេ ស ហើយគេនិមន្តព្រះសង្ឃសូត្រគាថា និងមន្តអាគមរហូតដល់ថ្ងៃឡើងអ្នកតា គេបានយកមនុស្សណាដែលជាប់ ពិរុទ្ធជនធ្ងន់ជាងគេយកទៅបូជាយញ្ញថ្វាយអ្នកតាមេ.សមុននឹងបូជាយញ្ញអ្នកនោះគេឲ្យស៊ីផឹកតាមការចង់។
នៅពេលដល់ថ្ងៃកំណត់បូជាយញ្ញ គេដាក់ឃ្នាងនៅកមនុស្សអ្នកទោសនោះដង្ហែទៅកាន់ខ្ទមអ្នកតា មេ ស ដោយមានបាញ់ កាំភ្លើងផងដែរ រួចគេនាំគ្នាស្រែកសន្ធាប់៣ដងខ្លាំងៗ ថាយក្សអើៗៗ រួចពេជ្ឈឃាតម្នាក់មានឈ្មោះ អ៊ិន មានងារ មនោ បាន រាំពត់ពេនដាក់ដាវលើស្មារួចប្រើកម្លាំងដៃកាប់មួយដាវឲ្យដាច់តែម្តងហើយ។ ពួកអ្នកនៅជុំវិញក៏នាំគ្នាសន្និដ្ឋាន មើលឈាម ដែលហូរផ្សងអំពីទឹកភ្លៀងបើឈាមហូរច្រើននោះទឹកភ្លៀងនឹងធ្លាក់ច្រើននៅគ្រប់ស្រុកជាក់ជាមិនខាន ហើយគេយកក្បាល មនុស្សនោះដាក់លើថាសដើម្បីថ្វាយអ្នកតា មេ ស និងសាច់ត្រូវបានគេចៀរទៅដោតជាច្រនួតតូចៗឲ្យបាន ១០០ច្រនួត ដើម្បីថ្វាយអ្នកតា មេ ស ផងដែរ។
លុះចូលដល់សម័យកាលធម្មាតេជោ ក៏បានបំបាត់ចោលការបូជាយញ្ញមនុស្សជំនួសដោយសត្វក្របីវិញក្រោយមកទៀត នៅជំនាន់ធម្មាតេជោពុផ្លុងក៏បំបាត់ការសម្លាប់ក្របីនេះដោយគ្រាន់តែឧបកិច្ចប៉ុណ្ណោះរហូតមកដល់ឆ្នាំ១៩២៥ ទើបអ្នក ស្រុកនាំគ្នាទិញជ្រូកខ្វៃមកថ្វាយអ្នកតា មេ ស វិញដោយរបៀបនៃការរៀបចំបុណ្យ៣យប់៣ថ្ងៃ គឺចំថ្ងៃទី ២៥ ២៦ ២៧ ខែឧសភា ជារៀងរាល់ឆ្នាំនិងបានហែរដង្វាយជូនអ្នកតារហូតមកដល់សព្វថ្ងៃនេះ។
ទោះយ៉ាងណាកម្មវិធីបុណ្យចាប់តាំងពីថ្ងៃទី១រហូតដល់ថ្ងៃបញ្ជប់ទី២៧នេះគេសង្កេតឃើញកម្លាំងសមត្ថកិច្ចទាំង៣ស្ថាប័នបានសហការគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនអ្នកមកទស្សនាលេងកម្សាន្តក្នុងពីធីបុណ្យនេះគ្រប់ច្រកល្ហក់ផងដែរ៕ សុឹម សាន់