ការស្នើរបែបនេះរបស់ប្រជាពលរដ្ឋខាងលើបានធ្វើឡើង នាព្រឹកថ្ងៃទី០៥ ធ្នូ ២០២៤នេះ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ ២០២៤ ខណ្ឌសែនសុខ ក្រោមវត្តមាន ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា និង ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានលើកឡើងថា៖ ឥឡូវអ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងច្រើននាក់ណាស់ ចង់ធ្វើប័ណ្ណ ប ស ស ខណៈពួកគាត់មិនអាចធ្វើបាន ដូច្នេះសូមរដ្ឋបាលរាជធានីភ្នំពេញជួយអន្តរាគមន៍។
ពិសេសស្នើសុំអោយកងកម្លាំង និងអាជ្ញាធរចាត់វិធានការចំពោះក្រុមយុវជន ជក់បារីអេឡិចត្រូនិក ដែលការជក់នេះធ្វើអោយប៉ះពាល់សុខភាព។ ស្នើសុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ នៅផ្សារដើមអម្ពិល ដែលបង្កអោយមាន ការកកស្ទះចរាចរណ៍រាល់ថ្ងៃ ជាមួយនឹងការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ សុំការជួសជុលនិងសម្រួលធ្វើផ្លូវ ធ្វើលូ។
ឯកឧត្តម សុខ ពេញវុធ មានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌសែន សុខ នាព្រឹកនេះ មានប្រជាពលរដ្ឋចំនួន១០នាក់បានលើកឡើង ជាសំណើ និងសំណូមពរដោយផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរជួយដោះស្រាយនិងជាលាយលក្ខណ៍អក្សរចំនួន៨២ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ។
ចំពោះសំណើរនិងសំណូមពរដោយផ្ទាល់មាត់ លោកសុខ ពេញវុធបានធ្វើការដោះស្រាយភ្លាមៗ ជាមួយការអោយអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យនិងវាយតំលៃ ដើម្បីឆ្លើយតប ពោលគឺអ្វីដែលថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញធ្វើបានយើងធ្វើភ្លាម។
តែបើហូសពីសមត្ថភាពយើង ក៏មិនទុកចោលដែរ គឺសុំគោលការទៅថ្នាក់លើបន្តទៀត ជាក់ស្តែងដូចជាការស្នើសុំពីសំណាក់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងឱ្យមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស រដ្ឋបាលរាជធានីភ្នំពេញសុំគោលការទៅថ្នាក់ជាតិបន្តទៀត។ដោយឡែកចំពោះសំណើរជាលាយ លក្ខណ៍អក្សរចំនួន៨២ ច្បាប់រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅដោះស្រាយពេលក្រោយ។
ឯកឧត្តម ជួប ខុន បានលើកឡើងថា៖ យោងតាមច្បាប់ ក្រុម ប្រឹក្សារាជធានី ត្រូវរៀបចំឲ្យ មានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ នីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម សង្កាត់នានាក្នុងខណ្ឌរបស់ខ្លួនក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ។ ជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបាន អនុវត្តរួចហើយក្នុងឆ្នាំ២០២៤នេះ ស្រប តាមច្បាប់កំណត់។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះដែរ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាចំនួន៤ ដែលមានដូចជា៖ ទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរ លួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។
២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣ បរិស្ថាន សុខមា លភាពសង្គម ការបំរើសេវាសុខាភិបាលនិងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ៕
ពិសិដ្ឋ






