លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបាន អញ្ជើញទទួលជួបសវនាការ និងទទួលអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ៦០០ឃីត (ស្មើនឹងថវិកា ១១.៣៧៨ដុល្លារអាម៉េរិក) ពីលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាង អង្គការសហប្រជាជាតិសម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា។
លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបាននាំមកនូវអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីជូនដល់កាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមកម្ពុជានឹងចាត់ចែងអំណោយទាំងនេះនៅតាមកម្មវិធីនានា ដែលមានមុខសញ្ញាស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីជាមាតា ដែលជាអ្នកងាយរងគ្រោះបំផុត។
លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារសំខាន់ៗថ្មីៗដែលកាកបាទក្រហមកម្ពុជាបានធ្វើនាពេលកន្លងមកដូចជា ការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់, ការរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ការត្រៀមរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ និងទិវាផ្សេងៗទៀត ក៏ដូចជាការឈានឆ្ពោះទិវាជាតិសុខភាពមាតា ទារក និងកុមារជាដើម។ល។
លោកស្រី សាន់ដ្រា ប៊ឺនក្លាវ តំណាងអង្គការ UNFPA បានថ្លែងនូវការកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានមុនគេក្នុងការឆ្លើយតបភាពងាយរងគ្រោះទាំងឡាយ។
ជាមួយគ្នានេះ អង្គការ UNFPA នឹងនៅតែបន្តជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា៕






