(ខេត្តពោធិ៍សាត់,ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២០)៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល និងគ្បឿងជាច្រើនកេសត្រូវបានបែកខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅវេលាម៉ោង ៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខផ្សារថ្មីអូរតាប៉ោង ចន្លោះគីឡូម៉ែត្រលេខ ២១៥-២១៦ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយសារអ្នកបើកបរក្នុងសភាពងងុយដេក ជ្រុលធ្លាក់ពីលើផ្លូវ។
សមត្ថកិច្ចនគរបាលស្រុកបាកាន បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងលើរថយន្ត១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5382 បើកបរដោយឈ្មោះ ម៉ម ណាំ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខ្វិត ឃុំខ្វិត ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់), អ្នករួមដំណើរឈ្មោះ រ៉ាត់ នី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ (រងរបួសស្រាល) និងឈ្មោះ គិន ពន្លក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (រងរបួសស្រាល)។
សមត្ថកិច្ចបន្តថា រថយន្តនោះមានផ្ទុកក្បឿង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរទំនងងោកមួយភាំង បានរ៉េចង្កូតក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវពីខាងត្បូង ចាក់ក្បឿងពេញផ្លូវតែម្តង។
ក្រោងពេលកើយហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដោយឡែកវត្ថុតាងត្រូវបានស្ទូចទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕






