មន្ទីរបញ្ចកោណ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកញ្ចប់ជំនួយយោធាថ្មីចំនួន ១ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន គ្រាដែលព្រឹទ្ធសភាកំពុងពន្លឿនច្បាប់ថវិកា ដើម្បីផ្តល់ជំនួយជាសព្វាវុធដល់រដ្ឋាភិបាលទីក្រុងគៀវ ដែលកំពុងត្រូវការជំនួយជា បន្ទាន់ ដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់រុស្ស៊ី។ គួរកត់សម្គាល់ថា កញ្ចប់ជំនួយនេះ បានជាប់គាំងនៅក្នុងសភា ដោយបង្ខំឲ្យប្រធានសភាលោក Mike Johnson រួមគ្នាបង្កើតសម្ព័ន្ធទ្វេភាគី ដើម្បីអនុម័តច្បាប់នេះ។ កញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារ រួមទាំងរាប់ពាន់លានសម្រាប់អ៊ីស្រាអែល និងតៃវ៉ាន់ បានឆ្លងកាត់សភារួចហើយកាលពីថ្ងៃសៅរ៍ ហើយព្រឹទ្ធសភាក៏បានអនុម័តផងដែរកាលពីថ្ងៃអង្គារ ខណៈរង់ចាំលោកប្រធានាធិបតី Joe Biden ចុះ ហត្ថលេខានៅថ្ងៃពុធនេះ។
កញ្ចប់នេះមានគ្រាប់រំសេវជាច្រើន រួមទាំងប្រព័ន្ធខែលការពារដែនអាកាស កាំភ្លើងធំ ក៏ដូចជារថពាសដែក និងអាវុធផ្សេងៗទៀតដែលសុទ្ធសឹងតែជារបស់ដែលកងកម្លាំងអ៊ុយក្រែន ខណៈមន្ត្រីអាមេរិកបាននិយាយថា សព្វាវុធមួយចំនួននឹងត្រូវបានបញ្ជូនយ៉ាងលឿនទៅ កាន់សមរភូមិក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការ បញ្ចូនសព្វាវុធរបស់អាមេរិកក៏កើតមានឡើង បន្ទាប់ ពីការប្រកាសដោយចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារដោយសន្យាផ្តល់ប្រាក់បន្ថែមចំនួន ៦២០លានដុល្លារដែលជាកញ្ចប់ផ្គត់ផ្គង់យោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវចំនួន ៤ លានគ្រាប់ផងដែរ ៕