ភ្នំពេញ ៖ នៅក្នុងឳកាសនៃការប្រារព្វពិធីអបអរសាទររួមគ្នា នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទ សំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃអាទិត្យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកថា នយោបាយកសាងសន្តិភាព កិច្ចសហប្រតិបត្តិការ តាមព្រំដែនជាមួយប្រទេសជិតខាងជានយោបាយដ៏ចាំបាច់មួយសម្រាប់ កសាងជាតិ ខណៈដែលជាបទពិសោធន៌ជាក់ស្តែងស្រាប់កាលពី១០ឆ្នាំមុន ប្រទេសកម្ពុជានិងថៃ បានបញ្ចប់ជម្លោះអាវុធនៅតំបន់ប្រាសាទព្រះវិហារ និងបានរួមគ្នាកសាងព្រំដែនអោយក្លាយជាតំបន់អភិវឌ្ឍន៌ និងជាប្រយោជន៌សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីយ៉ាងមហោឡារិក ដើម្បីអបអរសាទររួមគ្នា នៃប្រាសាទបុរាណខ្មែរចំនួនពីរដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ក្នុងនោះគឺជាខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប១ឆ្នាំការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក។
ព្រឹត្តិការណ៍អបអរសាទរដ៏ធំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនឹង វត្តមានមន្ត្រីរាជការ សិល្បៈករ សិល្បៈការិនី អ្នកចូលរួមអបអរប្រមាណជា ច្រើនពាន់នាក់។
ថ្លែងក្នុងពិធីអបអរសាទរដ៏រីករាយនេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីគោលនយោបាយអាទិភាព ដ៏សំខាន់បំផុតរបស់ សម្តេចផងដែរ គឺការប្រែក្លាយអតីតតំបន់សមរភូមិ អោយក្លាយជាតំបន់អភិវឌ្ឍន៍ និងតំបន់ទីផ្សារ រហូតមកដល់ពេលនេះ គោលនយោបាយនេះ កំពុងទទួលបានជោគជ័យជាច្រើនរួចមកហើយ ជាមួយគ្នានឹងគោលនយោបាយ ប្រែក្លាយតំបន់ ព្រំដែន ជាតំបន់អភិវឌ្ឍន៌ មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ជារួមចំនុចសំខាន់ដែលសម្តេចតេជោ ចង់បង្ហាញនោះ នយោបាយកសាងសន្តិភាព តាមព្រំដែនជាមួយប្រទេសជិតខាង ដែលចាត់ទុកថាជានយោបាយដ៏ចាំបាច់មួយសម្រាប់ កសាងជាតិ។
សម្តេចបានរំលឹកពីបទពិសោធន៌ជាក់ស្តែង កាលពី១០ឆ្នាំមុន រវាងប្រទេសកម្ពុជា និងប្រទេសថៃតែម្តង ដែលជាពេលវេលាលើផ្លូវនយោបាយដ៏លំបាកបំផុតមួយ ក្នុងការដោះស្រាយបញ្ចប់ជម្លោះប្រដាប់អាវុធ នៅតំបន់ប្រាសាទព្រះវិហារ ព្រោះតែ បញ្ហានោះ បានកើតឡើងចំពេលដែលកម្ពុជារៀបចំដំណើរការបោះឆ្នោតជាតិ ឆ្នាំ២០០៨។ ប៉ុន្តែ វិធីដែលដោះស្រាយ បញ្ចប់ជម្លោះនេះ ដោយសន្តិវិធីបាននាពេលនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារសម្តេចបានដាក់ចេញយន្តការ៣យ៉ាងព្រមៗគ្នា គឺ៖
ទី១. ការដាក់កម្រិតអោយកងទ័ពនៅទ្រឹងការពារយ៉ាងរឹងមាំ តែមិនអោយផ្ទុះអាវុធ។
ទី២. បើកទ្វារផ្លូវទូតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយផ្នែកនយោបាយ។ និង
ទី៣. ការបកស្រាយស្រាលក្រមទីក្រុងឡាអេឡើងវិញ នៅតុលាការអន្តរជាតិ។
បន្ថែមពីការលើកឡើងនូវយន្តការដំណោះស្រាយដ៏ជោគជ័យនេះ សម្តេចតេជោ ហ៊ុនសែន ក៏បានអំពាវនាវដល់ជនរួមជាតិ ទាំងអស់រួមគ្នាបន្តការពារ និងរក្សាឲ្យបាននូវប្រាង្គប្រាសាទរបស់កម្ពុជាទាំងអស់ ខណៈដែលសម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាថានឹងប្រឹងប្រែងជំរុញ ការដាក់ប្រាង្គប្រាសាទរបស់កម្ពុជាដ៏ទៃទៀត ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា ការសម្រេច ដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក របស់អង្គការយូណេស្កូ គឺជាការទទួលបាននូវមោទនភាពជាតិ និងភាពថ្លៃថ្នូរបស់កម្ពុជាដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីស្នាដៃហ្នឹង សម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់ រួមមាន៖
១- រមណីយដ្ឋាន អង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២។
២- របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
៣- ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
៤- ប្រាសាទព្រះវិហារ ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
៥- បណ្ណាសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះបញ្ជីនៃការចងចាំពិភពលោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩។
៦- ប្រពៃណីនិទានរឿងរាមកេរ្តិ៍ តាគ្រុឌ ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោកនៃអង្គការយូណេស្កូនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤។
៧- ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។
៨- ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ និង
៩- តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ៕ អត្ថបទ៖ វ៉ាន់ ១មករា រូបភាព៖ សៅធី










