អាជ្ញាធរសាធារណៈរដ្ឋ Dominican បាននិយាយថា យ៉ាង ហោចណាស់មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យប្រជាជនរាប់ពាន់នាក់ផ្លាស់ទីលំនៅ។
មជ្ឈ មណ្ឌលប្រតិបត្តិការបន្ទាន់ (COE) បាននិយាយនៅក្នុងរបាយ ការណ៍មួយកាលពីរសៀលថ្ងៃអាទិត្យថា មនុស្សជាង ១៣,០០០ នាក់ នៅក្នុងប្រទេសត្រូវផ្លាស់ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពបន្ថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងខូចខាតស្ពាន និងផ្នែកខ្លះនៃផ្លូវថ្នល់។ COE បាននិយាយថា មនុស្សសរុបចំនួន ២១នាក់ បានបាត់បង់ជីវិត។
អគ្គស្នងការនគរបាលជាតិ បាននិយាយថា ជនរងគ្រោះក្នុងព្យុះនេះ រួមមានមនុស្ស ៩នាក់ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ បណ្តាលឲ្យជញ្ជាំងផ្លូវរូងក្រោមដី បាក់សង្កត់លើរថយន្តរបស់ពួកគេ។
COE បាននិយាយថា ជាង ២៥០០នាក់ ត្រូវបានជួយសង្គ្រោះដោយភ្នាក់ងារការពារ ហើយផ្ទះជាង ២៦០០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយព្យុះ។
ប្រែសម្រួលដោយ រម៉ាម វ៉ុង






