កណ្តាល ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួនក្រោយពីបានទាញកាំបិតកាប់ប្រហារទៅលើ ស្ត្រីម្នាក់ចំកបណ្តាលឱ្យហូរឈាមជោកខ្លួន ខណៈដែលពួកគេផឹកស្រា ហើយមានទំនាស់ពាក្យសម្តីតឹងសសៃកដាក់គ្នា ។ អំពើហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង ជាង៧យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់ស្រា ស្ថិតក្នុងភូមិកោះទៀវ (ក) ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឈាង ញៀន ភេទប្រុស អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ចំណែកស្ត្រីរងគ្រោះឈ្មោះ វៀស ស៊ីម អាយុ ៣៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ (ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ រងរបួសចំក ខាងឆ្វេង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា កន្លងមកជនសង្ស័យ ឈាង ញៀន គឺធ្លាប់បានស្រឡាញ់ជនរង គ្រោះ តែជនរងគ្រោះពុំបានស្រឡាញ់នោះទេ ហើយស្ត្រីរងគ្រោះក៏បានរៀបការរួចហើយដែរ ។ ប្រភពបន្តថា ឈ្មោះ រៀស ស៊ីម និងឈ្មោះ ឈាង ញៀន គឺតែងតែមកផឹកស្រានៅផ្ទះឈ្មោះ នុល ឈុនលី ជាញឹកញាប់ ហើយនៅវេលាកើតហេតុជនរងគ្រោះឈ្មោះ វៀស ស៊ីម និងជនសង្ស័យឈ្មោះ ឈាង ញៀណ បានមកផឹកស៊ី នៅផ្ទះរបស់ឈ្មោះ នុល ឈុនលី ជាមួយគ្នា ខណៈពេលកំពុងផឹកស្រាពួកគេក៏ទាក់ពាក្យសម្ដីគ្នា រួចហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់កាប់ទៅលើ ជនរងគ្រោះ ០១កាំបិតចំកខាងឆ្វេងបណ្ដាលឲ្យរងរបួសចេញឈាមជោគខ្លួនរួចក៏គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងនាំគ្នាយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូនបានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅ ចំណុចដីស្រែចុងព្រែកខាងក្រោយភូមិកើតហេតុនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ រួមនិងវត្ថុតាងកាំបិតផ្គាក់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ដោយ ដាំ ជា






