លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានយុវជន និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជន EU-ASEAN លើកទី១ (EU-ASEAN Youth Summit) នៅទីក្រុង Brussel, ប្រទេស Belgium។ កិច្ចប្រជុំនេះត្រូវបានរៀបចំជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូល ខួបលើកទី៤៥នៃកិច្ចសហប្រតិបត្តិការ ASEAN-EU។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែង រំលឹកពីតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ “ASEAN A.C.T. : Addressing Challenges Together” ហើយបានអនុម័តលើសេចក្តីថ្លែងការណ៍នៃ Year of ASEAN Youth 2022 ដែលបានទទួលស្គាល់ថា យុវជនជា”សម្បត្តិនៃប្រជាជាតិ” ជាអនាគតអ្នកដឹកនាំដើម្បីវឌ្ឍនភាពប្រកប ដោយភាពវិជ្ជមាន។
លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ ធ្ងន់លើ៣ចំនុចនៃសេចក្តីថ្លែងការណ៍ រួមមាន ៖
1. បរិវត្តកម្មនៃការអប់រំ ដើម្បីកសាងសមត្ថភាពយុវជនជាមួយបំណិនសតវត្សទី២១ បច្ចេកវិទ្យាឌីជថល នវានុវត្តន៍សម្រាប់ទីផ្សារការងារអនាគត
2. ការយកចិត្តទុកដាក់លើសុខមាលភាពសេដ្ឋកិច្ចសង្គម និងចិត្តសាស្ត្រ សុខភាពផ្លូវចិត្តនិងសុខភាពបន្តពូជ ភាពជាអ្នកស្ម័គ្រចិត្ត និងការងារសង្គម
3. ការរៀបចំកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងរវាងយុវជន ដោយផ្តោតលើគោលការណ៍សមភាព ស្មើភាព និងអព្យាក្រឹត្យភាព ដោយគ្មានការរើសអើង៕






