សម្តេចតេជោ ស្នើឲ្យគណៈកម្មាធិការជាតិប្រយុទ្ធនឹងកូវីដ១៩ ពិនិត្យពិចារណា ក្នុងការដកការរិតបន្តឹងលើការដាក់ប្រាក់ធានារ៉ាប់រងសុខភាព និងប្រាក់តំកល់សម្រាប់វិនិយោគិន និងអ្នកបច្ចេកទេសដែលធ្វើការនៅកម្ពុជា ដែលត្រូវធ្វើដំណើរចូលមកកម្ពុជា។
នៅក្នុងសារជាសម្លេង នៅថ្ងៃទី០៨ កក្កដានេះ សម្តេចតេជោ បានណែនាំឲ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំបន្ទាន់ជាមួយកម្មាធិការប្រយុទ្ធប្រ ឆាំងនឹងកូវីដ១៩ ដើម្បីពិចារណាក្នុងការបន្ធូរបន្ថយប្រាក់តម្កល់៣០០០ដុល្លារ និងប័ណ្ណធានាសុខភាព ដែលមានតម្លៃ៥ម៉ឺនដុល្លារ សម្រាប់អ្នកវិនិយោគិន និងអ្នកបច្ចេកទេស ដែលត្រូវចូលមកកម្ពុជា។ ការយកប្រាក់តំកល់ប្រាក់ច្រើនពេក អាចធ្វើឲ្យមានហានិភ័យខ្ពស់សម្រាប់សេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់អ្នកវិនិយោគ ហើយអាចធ្វើឲ្យបាត់បង់អ្នកវិនិយោគថែមទៀតត។
សម្តេចតេជោ បញ្ជាក់ថាកត្តានេះ ធ្វើឲ្យអ្នកវិនិយោគដែលវិលត្រលប់ទៅស្រុកគេ នឹងអាចលែងវិលត្រលប់មកវិញ ហើយអ្នកបច្ចេកទេសនានា ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍនានា នឹងមិនអាចវិលចូលកម្ពុជាវិញបាន។ សម្តេចតេជោ បានស្នើឲ្យដកការរិតបន្តឹងលើការតម្កល់ប្រាក់ធានារ៉ាប់រងសុខភាព ៥ម៉ឺនដុល្លារ និងប្រាក់តម្កល់ចំនួន៣០០០ដុល្លារ ពីអ្នកវិនិយោគ និងអ្នកបច្ចេកទេសធ្វើការនៅកម្ពុជា។
លោកជំទាវ យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី០៣ កក្កដាថា ក្រសួងសុខាភិបាល បានទទួលប្រាក់កក់ពីជនបរទេសជាង៣០០០នាក់ ដែលចូលកម្ពុជា ដើម្បីធានារ៉ាបង់រងសុខភាព គិតជាថវិកាចំនួនជាង៩លានដុល្លារ។
សម្រាប់ជនបរទេស ដែលចូលមកកម្ពុជា តម្រូវឲ្យមានការតម្កល់ប្រាក់៣០០០ដុល្លារ និងលិខិតធានារ៉ាប់រងដែលមានទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ដើម្បីធានាទប់ទល់នឹងការចំណាយនានា ក្នុងករណីជនបរទេសនោះមានផ្ទុកកូវីដ-១៩។
ក្រសួងបានដាក់ធនាគារចំនួនបី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលប្រាក់កក់ពីអ្នកដំណើរជាជនបរទេស។
លោកជំទាវបន្ថែមថា ក្នុងរយៈពេល៥ថ្ងៃ ករណីជនបរទេស តេស្តអវិជ្ជមានកូវីដ-១៩ ពួកគាត់នឹងទទួលបានប្រាក់តម្កល់ទាំងនោះវិញ។
តែបើរកឃើញវិជ្ជមាន ក្រសួងនឹងយកប្រាក់តម្កល់៣០០០ដុល្លារយកមកប្រើប្រាស់ចំណាយផ្សេងៗ ដូចជាការធ្វើតេស្ត ការស្នាក់នៅ អាហារបីពេល និងអ្នកមើលថែ ហើយបើថវិកានៅសល់ ក្រោយពីការត្រួតពិនិត្យ និងព្យាបាលកូវីដ-១៩ នឹងត្រូវផ្តល់ជូនម្ចាស់ដើមវិញ៕






