ខេត្ដឧត្ដរមានជ័យ ៖ ក្នុងមួយថ្ងៃៗមានរថយន្តជាច្រើនគ្រឿង ដែលដឹកសត្វមាន់ឆ្លងដែន ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ តាមរថយន្តកាមរីច្នៃកាត់ទ្រុង តាមរថយន្តសាំយ៉ុង និងរថយន្តផ្សេងៗ ដែលយ៉ាងតិចជាង២០រថយន្ត បានដឹកមាន់ឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយ នៅតាមបណ្តាលខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត ដោយគេដឹងថា រថយន្តដឹកមាន់ទាំងអស់ខាងលើ គ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីកាំកុងត្រូល ប្រចាំច្រកអន្តរជាតិអូរស្មាច់នោះទេ ហើយចំណែកឯមន្ត្រីពេទ្យសត្វខេត្តឧត្តរមានជ័យ អង្គុយរាប់ក្បាលរថយន្តយកលុយ ដោយពុំមានការត្រួតពិនិត្យនោះឡើយ។
ជាក់ស្តែងកាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ មានរថយន្តម៉ាកកាមរីហើមច្នៃ កាត់ទ្រុងមួយគ្រឿង ពាក់ស្លាក់លេខ បន្ទាយមានជ័យ 2A.0874 ដែលដឹកសត្វមាន់ពេញរថយន្ត ឆ្លងដែនមកពីថៃ តាមច្រកអន្តរជាតិអូរស្មាច់។ ដោយស្ដ្រីម្នាក់ជាម្ចាស់រថយន្តបានប្រាប់ថា គាត់បានបង់លុយអោយសមត្ថកិច្ចជាច្រើនស្ថាប័ន ចាប់ពីច្រកអូរស្មាច់ ហើយជាពិសេសមន្រ្តីកាំកុងត្រូលតែម្តង ដែលពុំមានចេញឯកសារនោះឡើយ។ ហើយឆ្លងកាត់ក្នុងខេត្តឧត្តរមានជ័យ ត្រូវបង់លុយចំនួន៦ម៉ឺនរៀល ក្នុងមួយរថយន្តកាមរី អោយទៅលោក តាញ់ បុត្តា ប្រធានការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ។
ក្រុមអាជីករដែលដឹកសត្វមាន់ចេញពីប្រទេសថៃ តាមច្រកអត្តរជាតិអូស្មាច់ ត្រូវបានប្រធានការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តឧត្តរមានជយ័ លោក តាញ់ បុត្តា ដាក់កុងត្រូលជំរិតទាប្រាក់ ដោយក្នុងមួយរថយន្ត៦មុឺនរៀល ក្នុងមួយរថយន្តកាមរី ចំណែករថយន្តស៉ាំយ៉ុងច្រើនជាងនេះទៅទៀត ជាមួយលោក ពេជ្រ ភារម្យ ប្រធានស្នាក់ការកាំកុងត្រូលច្រកអូរស្មាច់ ប្រមូលតែលុយចូលហោប៉ៅ ដោយមិនមានចេញឯកសារបញ្ជាក់ណាមួយ ពីកាប្រមូលលុយចូលរដ្ឋនោះឡើយ។
ក្រុមអាជីករដែលដឹកមាន់ចេញពីប្រទេសថៃ បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗរថយន្តដឹកមាន់តាមប្រភេទកាមរី រថយន្តកាមរីច្នៃកាត់ទ្រុង រថយន្តសាំយ៉ុង ដែលដឹកមាន់ចេញពីរខេត្តឧត្តរមានជយ័ ឆ្ពោះទៅកាន់ខេត្តសៀមរាប កំពង់ធំ បាត់តំបង បន្ទាយមានជ័យ និងបណ្តាខេត្តផ្សេងទៀត ត្រូវតែបង់លុយអោយមន្រ្តីជំនាញសំខាន់ទាំងពីរខាងលើ គ្រប់រថយន្តទាំងអស់ បើមិនដូចច្នោះទេប្រាកដណាស់ នឹងត្រូវគេចាប់ជាមិនខានឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក តាញ់ បុត្តា ប្រធានការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ លោកមិនបានបំភ្លឺអ្វីទាំងអស់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ដោយប្រាប់ថា លោកកំពុងធ្វើការ។ ដោយឡែក លោក ពេជ្រ ភារម្យ ប្រធានស្នាក់ការកាំកុងត្រូលច្រកអូរស្មាច់ បានប្រាប់តាមទូរស័ព្ទដែរថា លោកមិនបានដឹងរឿងអ្វីទាំងអស់ ព្រោះលោកជាប់រវល់ទៅថៃ។ ដូច្នេះចំពោះការដោះសាររបស់ស្ថាប័នជំនាញខាងលើ ហាក់ដូចជាមិនសមស្របដូចការលើកឡើង ពីសំណាក់ក្រុមអាជីវករដែលបានអះអាង ថាបានបង់លុយអោយមន្រ្តីជំនាញទាំងពីរខាងលើ ទើបពួកគាត់អាចដឹកមាន់ចេញពីថៃ ចូលមកកម្ពុជា តាមច្រកអូរស្មាច់បានដោយរលូន៕






