ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯ.ឧ ប្រាក់ សុខុន បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌអង្គការសង្គមស៊ីវិល អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានត្រៀមបញ្ជូនក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅប្រទេសចិន រួមទាំងសម្ភារៈបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺមានតម្លៃប្រមាណជាង១៤ម៉ឺ នដុល្លារ មកកម្ពុជាក្នុងពេលឆាប់ៗនេះ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯ.ឧប្រាក់ សុខុន រួមជាមួយ លោក វ៉ាង វិន ធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 ដែលចិន ឧបត្ថម្ភជូនកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។
សម្ភារៈនេះប្រគល់ដោយមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) តំណាងដោយ លោក ចាង យ៉ាវអ៊ូ ប្រធានការិយាល័យប្រចាំនៅកម្ពុជា ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដឹកនាំដោយ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯ.ឧ ប្រាក់ សុខុន បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញទាំង១៣រូបរបស់ចិន នឹងធ្វើដំណើរតាមរថយន្តចេញពីខេត្តយូណាន មកកាន់ប្រទេសកម្ពុជា តាមខេត្តស្ទឹងត្រែង នៅពេលឆាប់ៗនេះ ដើម្បីបំពេញបេសកកម្មការងាររយៈពេល ១៥ថ្ងៃ ពាក់ព័ន្ធនឹងការសម្លាប់មេរោគ នៅតាមមន្ទីរពេទ្យ និងទីកន្លែងសាធារណៈផ្សេងៗ ដូចជាសាលារៀន ការិយាល័យ ស្ថានីយរថភ្លើងជាដើម និងការបណ្តុះបណ្តាល អំពីការសម្លាប់មេរោគ ដល់បុគ្គលិកសុខាភិបាល នគរបាល និងអ្នកស្ម័គ្រចិត្តតាមសហគមន៍ ដើម្បីជួយពង្រឹងជំនាញក្នុងការការពារខ្លួន និងការប្រើប្រាស់ឧបករណ៍បរិក្ខារសម្លាប់មេរោគ៕





