(ខេត្តឧត្ដរមានជ័យ,ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០)៖ដោយមានការ ចង្អុលបង្ហាញពីឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែករកមុខសញ្ញាមេខ្យល់ដែលលួងលោមនាំប្រជាពលរដ្ឋទៅធ្វើការក្នុងប្រទេសថៃ ដោយគ្មានច្បាប់ នៅព្រឹកថ្ងៃ១២ ខែមិថុនាឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចខេត្តឧត្ដរមានជ័យ ដឹកនាំដោយ លោកស្រី វរសេនីយ៍ឯក សេង គឹមថា ស្នងការរង ទទួលផែន ការ ងារ ប្រឆាំងជួញដូរមនុស្ស ការពារអនីតិជន ការងារយេនឌ័រ នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ និង លោកវរសេនីយ៍ទោ លាំង ពូលី នាយការិយាល័យប្រឆាំងជួញមនុស្ស និងការពារអនីតិជនខេត្ត បានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកស្រី វរសេនីយ៍ឯក សេង គឹមថា បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធទៅករណីដឹកនាំពលរដ្ឋខ្មែរឆ្លងដែនចំនួន ២៧នាក់ទៅធ្វើការក្នុងប្រទេសថៃ ដោយគ្មានច្បាប់នេះ មានចំនួន២នាក់ មានឈ្មោះ គង់ សាវឿន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ និងម្នាក់ទៀត ឈ្មោះ ទិត គ័យ ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី បានបន្តថា បើតាមចម្លើយសារភាពរបស់ ជនសង្ស័យ ទាំង ២នាក់ បានបញ្ជាក់ប្រាប់ថា ខ្លួនពិតជាបាន នាំ មនុស្ស ឆ្លង ដែន ទៅ កាន់ ប្រទេស ថៃ តាមច្រករបៀងអូរខ្លាឃ្មុំ យ៉ាងពិតប្រាកដ មែន ហើយមនុស្សដែលបាននាំទៅមានចំនួន ២៧នាក់ ស្រី១១នាក់ រួមមានខេត្តឧត្ដរមានជ័យ ចំនួន ៦នាក់ បន្ទាយមានជ័យចំនួន០៨នាក់ សៀមរាប១០នាក់ និងខេត្តព្រៃវែងចំនួន០៣នាក់ និងយកប្រាក់ជាឈ្នួលក្នុងការដំណើរទៅប្រទេសថៃ ក្នុងម្នាក់ៗអស់ថវិការចំនួន១៦៥០បាតផងដែរ។





