កម្ពុជា នឹងចែករំលែកបទពិសោធន៍ស្តីពីកិច្ចសង្រ្គោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគោលនយោបាយជាតិសម្រាប់កិច្ចគាំពារជនមានពិការភាព ជូនដល់គណៈប្រតិភូប្រមាណជាង ៤០ ប្រទេសក្នុងសន្និសីទសកលស្តីពីជំនួយជនរងគ្រោះដោយសារមីន។
នេះជាការបញ្ជាក់ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមានកម្ពុជា នៅក្នុងជំនួយជាមួយ លោកជំទាវ María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និងលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា_ ISU-APMBC)។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បញ្ជាក់ថា ដោយមានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ “សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ” លើកទី៣ ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល សហការជាមួយ ISU-APMBC និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកលរបស់សហភាពអឺរ៉ុប ត្រៀមនឹងចែករំលែកបទពិសោធន៍ស្តីពីកិច្ចសង្រ្គោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្សព្វផ្សាយពីគោលនយោ បាយជាតិសម្រាប់កិច្ចគាំពារជនមានពិការភាព ជូនដល់គណៈប្រតិភូប្រមាណជាង ៤០ប្រទេស ដែលនឹងអញ្ជើញចូលរួមក្នុងសិន្នសីទសកលនេះ។
សន្និសិទសកលលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបំពេញបន្ថែមលើលទ្ធផលទទួលបានពីសន្និសីទមុនៗចំនួនពីរ ដែលបានប្រព្រឹត្តិទៅនៅប្រទេសកូឡុំប៊ី និងហ្ស៊កដានី។ គម្រោងសកលរបស់សហភាពអឺរ៉ុប នឹងស្វែងរកការគាំទ្របន្ថែមពីរដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស ដើម្បីអនុវត្តកាតព្វកិច្ចសន្ធិសញ្ញាផ្សេងៗ រួមទាំងជំនួយជនរងគ្រោះផងដែរ។
គោលបំណងមួយនៃសន្និសីទសកល នឹងផ្តល់ធាតុចូលសម្រាប់ផែនការសកម្មភាពថ្មីក្រោមអនុសញ្ញា ដោយផ្តល់នូវវេទិកាសកលសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ និងអ្នករស់រានមានជីវិត ដើម្បីលើកឡើងអំពីបញ្ហាពាក់ព័ន្ធនឹងជំនួយជនរងគ្រោះ។
ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកល វានឹងដោះស្រាយបញ្ហាប្រឈមជាសកលដែលជួបប្រទះនៅក្នុងការអនុវត្តកិច្ចសង្រ្គោះជនរង គ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គមា។ កម្ពុជានឹងយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះរបស់ខ្លួនមួយចំនួន ដូចជាការដាក់ បញ្ចូលជនមានពិការភាពក្នុងវិស័យកីឡា ជាដើម។
សន្និសិទសកល ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំជនរង គ្រោះដោយសារគ្រាប់មីន និងអ្នករស់រានមានជីវិតប្រហែល ២០០នាក់ រួមទាំងកិច្ចសង្រ្គោះជនរងគ្រោះ និងអ្នកជំនាញផ្នែកពិការភាព/សិទ្ធិមនុស្ស សុខភាព ការងារ ការអភិវឌ្ឍ និងអ្នកអនុវត្តផ្សេងទៀតមកពី ៤៥ ប្រទេស។យ៉ាងហោច ណាស់មួយភាគបួននៃអ្នកចូលរួមនឹងមកពីប្រទេសកម្ពុជា រួមទាំងមកពីតំបន់ដែលរងផលប៉ះពាល់ដោយសារមីនផងដែរ៕






