ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនានេះ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលអាគារអន្តេវាសិកដ្ឋាន ដែលជាអាគារសម្រាប់ស្នាក់នៅរបស់គរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ កម្ពស់៣ជាន់ មាន៦០បន្ទប់ ត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែកចំពោះអ្នកដែលសង្ស័យឬមានផ្ទុកជម្ងឺកូវីត១៩នេះ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដោយមាការណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឲ្យខេត្តនីមួយៗ ត្រៀមលក្ខណៈសម្បតិ្តក្នុងការរៀបចំ និងរកទីកន្លែងដើម្បីត្រៀមបង្ការក្នុងករណីដែលជម្ងឺកូវីត១៩ផ្ទុះឡើងនៅខេត្តណា ខេត្តនោះត្រូវរកកន្លែងសម្រាប់ដាក់អ្នកជម្ងឺកូវីតនេះ ដាច់ដោយឡែក និងព្យាបាលពួកគាត់ ។
ឯកឧត្តម អ៊ូច ភា គូសបញ្ជាក់ទៀតថា សម្រាប់ខេត្តតាកែវ យើងមានអាគារអន្តេវាសិកដ្ឋាន ដែលជាអំណោយរបស់សម្តេចតេជោ ត្រៀមទុកសម្រាប់អ្នកសង្ស័យកើតមានជម្ងឺកូវីត១៩នេះ ហើយតាមការពិនិត្យជាក់ស្តែងថ្ងៃនេះយើងបានពិនិត្យឃើញថា អាគារស្នាក់នៅរបស់គរុសិស្សនេះមានបន្ទប់នីមួយៗ ដែលមានបំពាក់រួចជាស្រេច នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារជាដើម ប៉ុន្តែបន្ទប់នីមួយៗមិនទាន់ស្អាត ដូច្នោះហើយយើងនឹងសម្អាតអាគារនេះឲ្យស្អាត នឹងមានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគឲ្យអស់សិន ហើយនឹងឲ្យមន្ទីរសុខាភិបាលខេត្ត បញ្ជូនគ្រែ ព្រម ទាំងសម្ភារៈនិងបរិក្ខាពេទ្យមួយចំនួនទៀតថែមទៀតផងមកអាគារនេះ ដើម្បីបានទាន់សភាពការណ៍ ពោលគឺធ្វើយ៉ាងណា យើងបានបង្ការទុកជាមុនជានិច្ចកុំឲ្យរីករាលដាលកាន់តែធំ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ដោយឡែកចំពោះពលករដែលពួកគាត់វិលត្រឡប់មក ពីប្រទេសថៃវិញ ឯកឧត្តមក៏បានជូនដំណឹងទៅកាន់អាជ្ញាធរមូលដ្ឋាន ឲ្យមានការស្រាវជ្រាវនឹងចាត់វិធានការណ៍បន្ទាន់ ដោយឲ្យពួកគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ ដូចអ្វីដែលក្រសួងសុខាភិបាលបានប្រកាសព្រោះយើងមិនបានដឹងថា ពួកគាត់មានផ្ទុកឬមិនមានជម្ងឺកូវីត១៩នេះទេ ប៉ុន្តែប្រសិនបើមានករណីសង្ស័យណាមួយ មន្ទីរសុខាភិបាលខេត្តក៏ដូចជាមន្ទីរពេទ្យបង្អែករបស់ខេត្ត នឹងទៅដល់ភ្លាមៗតែម្តង ៕





