ខេត្ដកំពង់ស្ពឺ ៖ ខ្សែរកមាសចំនួន០៦ជី ចិញ្ជៀនមាសទម្ងន់០២ជី ទូរទស្សន៍ចំនួន០១គ្រឿង និងសម្ភារៈជាច្រើនទៀត ត្រូវបានក្រុមចោរហារយ គាស់ផ្ទះតៀមរបស់ប្រជាពលរដ្ឋ រួចគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះក្នុងភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ស្ត្រីជនរងគ្រោះជាម្ចាស់ផ្ទះ ត្រូវបានចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិនោះមានឈ្មោះ ស៊ីម ភាព អាយុ៥២ឆ្នាំមុខរបរកសិករ ជាស្ត្រីមេម៉ាយថែមទៀតផង រស់នៅម្នាក់ឯងក្នុងផ្ទះខាងលើ។
បើតាមសម្តីរបស់ស្ត្រីរងគ្រោះបាននិយាយប្រាប់អោយដឹងថា កាលពីព្រឹកម៉ោង៨ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ រូបគាត់បានទៅស្ទូងស្រូវអោយអ្នកភូមិជាមួយគ្នា ដែលជំពាក់ដៃគេ សងគេវិញ រហូតដល់ម៉ោងប្រហែជា០៥ល្ងាច រូបគាត់ក៏បានចូលមកដល់ផ្ទះវិញ ក៏មិនបានចាប់អារម្មណ៍អ្វីឡើយ ដោយឃើញសោរទ្វារនៅខាងមុខផ្ទះចាក់ជាប់ដូចធម្មតានោះទេ។ ស្ត្រីរងគ្រោះបានបន្តទៀតថា រហូតដល់ម៉ោងជាង០៥ល្ងាច ថ្ងៃទី០២ នោះ គាត់បានចាក់សោរពីខាងមុខដើម្បីចូលក្នុងផ្ទះ ស្រាប់តែឃើញទូរដាក់មាស ទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានក្រុមចោរវាយបំបែកកញ្ចក់ រើក៏កាយខោអាវ យកមាសអស់ចំនួន០៨ជី ទូរទស្សន៍មួយគ្រឿង ខោអាវមួយចំនួន ព្រមទាំងយកទាំងមេមាន់កំពុងតែក្រាបពងយកទៅបាត់ថែមទៀតផង។ ពេលឃើញដូចនោះរូបគាត់ក៏ទន់ជង្គង់ដួលទួញយំ មិនទាន់បានរាយការណ៍ទៅនគរបាលឡើយ ទើបព្រឹកឡើងទើបរាយការណ៍ មានការចុះពិនិត្យពីនគរបាលមូលដ្ឋាន និងជំនាញកោសល្យវិច្ច័យខេត្ត ដើម្បីចុះពិនិត្យនិងកំណត់មុខសញ្ញា។
បើតាមសម្តីរបស់លោក ភោគ សម្បត្តិ នាយការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺ បាននិយាយអោយដឹងថា ក្រុមចោរបានធ្វើសកម្មភាពគាស់ចូលតាមទ្វារក្រោយ ហើយគាស់ក្តាជញ្ជាំងចំនួន២សន្លឹក ចូលពីក្រោយគាស់ទូរ ដាក់ខោអាវវាយបំបែកកញ្ចក់ ដើម្បីយកទ្រព្យសម្បត្តិរួចគេចខ្លួន។ បច្ចុប្បន្នក្រុមជនសង្ស័យជាចោរនោះ ត្រូវបានកម្លាំងនគរបាលកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ អ៊ុ ណូន














