វេទិកាការងារ ដែលបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយនឹង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃម្សិលមិញនេះ បានបញ្ចប់ទៅដោយរលូន ដោយមានយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារធ្វើប្រមាណជាង ២០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។
ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ១៣១ នាក់បានសម្ភាសជាប់ ដោយក្នុងនោះអ្នកសម្ភាសជាប់ជាស្ថាពរមានចំនួន ១២ នាក់ និងអ្នកសម្ភាស ជាប់បឋមមានចំនួន ១១៩ នាក់ ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននីមួយៗ នាពេលឆាប់ៗខាងមុខ។
យុវជន គិត គឹមហេង មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានសម្ភាសការងារជាប់បឋម នៅក្រុមហ៊ុន SUMI (Cambodia ) Wiring System Co., Ltd ផ្នែកគ្រប់គ្រងធនធានមនុស្ស បានលើកឡើងថា នេះជាលើកទី១ ដែលលោកបានចូលរួមក្នុងវេទិកាការងារ ហើយអ្វីដែលខ្ញុំនឹកស្មានមិនដល់គឺខ្ញុំជាប់ការងារបឋមនៅក្រុមហ៊ុនដ៏ធំមួយនេះ។
យុវជន គឹម ហេងបន្តថា៖ «ខ្ញុំសូមអរគុណដល់ NEA ក៏ដូចជាក្រសួងការងារដែលបានផ្តល់ឱកាសការងារដល់ខ្ញុំ និងយុវជនដទៃទៀត»។
ជាមួយគ្នានេះយុវជនរូបនេះ ក៏បានអំពាវដល់បងប្អូនយុវជន និងអ្នកដែលចង់រកការងារធ្វើផ្សេងទៀត សូមយក CV មកសម្ភាសការងារនៅ NEA បាន ព្រោះ NEA មានឱកាសការងារយ៉ាងសម្បូរបែបសម្រាប់យើងទាំងអស់គ្នា។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារ សូមមកចុះឈ្មោះ ស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស៕
ដោយះសំអាតនិងពិសិដ្ឋ






