ខេត្តព្រះវិហារ៖ សេចក្តីក្រើនរំលឹកនោះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០មីនា ម្សិលមិញ ក្នុងគ្រាដែល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ដឹកនាំមន្ត្រីយោធាសំខាន់ៗ ចុះទៅកាន់តំបន់បុស្សស្បូវ និងជាំតែ ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ របស់មេទ័ពប្រចាំខេត្តព្រះវិហារនោះ ត្រូវគេដឹងថា ដើម្បីជួបសួរសុខទុក្ខ និងផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ ការរីករាយដាល នៃជម្ងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស Covid-19 ដល់នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ដែលកំពុងស្ថិតនៅតំបន់បុស្សស្បូវ និងជាំតែ នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា លោកបានធ្វើការផ្សព្វផ្សាយ អំពី វិធីនៃការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ជាច្រើនរយនាក់ ដែលកំពុងឈរជើងនៅលើខ្សែត្រៀមជួរមុខ ក្នុងទិសបុស្សស្បូវ និងជាំតែ នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ។
លោកឧត្តមសេនីយ៍ បានណែនាំអោយលាងដៃនឹងសាប៊ូ អាល់កុល ឬ ចឹលសម្លាប់មេរោគ អោយបានញឹកញាប់ ត្រូវពាក់ម៉ាស ប្រើក្រមា ត្រូវនៅឃ្លាតពីគ្នា ១ម៉ែត្រកន្លះ បញ្ឈប់ការចាប់ដៃ បែរជាមកសំពះគ្នាវិញ និងហាមយកដៃដែលមិនស្អាត ទៅប៉ះមុខ ប៉ះមាត់ និងប៉ះភ្នែកជាដាច់ខាត។






