ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹក នាំមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុន ជីប ម៉ុងគ្រុប និងតំណាងក្រុមហ៊ុន ING ដែលទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍន៍តំបន់ជើងឯក បើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីជំរុញឲ្យក្រុមហ៊ុន២នេះ ដោះស្រាយបញ្ហាលើ ការពន្លឿនបើកការដ្ឋានធ្វើផ្លូវ អ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង ឲ្យបានលឿន។
គម្រោងស្ថាបនា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង មានទទឹង១៣ម៉ែត្រដោយចាប់ពីផ្លូវជាតិ លេខ២ ដល់ផ្លូវ៣៧១។ មហាវិថីអ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង ជាគម្រោងចាស់ ដោយចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅ កាន់ផ្លូវ៣៧១ មុខផ្សារប៉េសេសង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យ។ ផ្លូវនេះមានសារសំខាន់ក្នុងការរំដោះចរាចរណ៍ ចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍
ទីក្រុងរណប ទីក្រុងបៃតង។
ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុនជីបម៉ុងគ្រុប និងក្រុមហ៊ុនING សម្របសម្រួលគ្នាដោះស្រាយបញ្ហាប៉ះពាល់
ដើម្បីពន្លឿននៃការបើកការដ្ឋានធ្វើផ្លូវ អ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង នេះឲ្យបានលឿន ។
ក្នុងកិច្ចប្រជុំនោះ គឺបានឯកភាពឲ្យក្រុមហ៊ុន ING ជាអ្នកស្ថាបនាមហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង រួមនិងស្ពានឆ្លងកាត់ ខណៈដែលប្រជាពលរដ្ឋចំនួន១៣គ្រួសាររងប៉ះពាល់នៃគម្រោងនេះ។
គួរបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះត្រូវបានប្រសិទ្ធនាមថា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ហើយការ សាងសង់ផ្លូវមួយខ្សែថ្មីនេះ គឺ ក្នុងគោលបំណង២ ៖ ទី១ ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក, និងទី២
ដើម្បីរៀបចំ និងសម្រួលឲ្យមានចរន្តសរសៃឈាម នៃការធ្វើចរាចរណ៍បានល្អប្រសើរ ពោលគឺពេលដែលប្រជាពលរដ្ឋ
ធ្វើដំណើរតាមផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរ ទៅផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានងាយស្រួល ដោយពុំ បាច់រង់ចាំធ្វើដំណើររហូតទៅដល់ច្រមុះជ្រូកក្បាលថ្នល់សូគីម៉ិច ទើបមកតាមផ្លូវ៦០ម៉ែត្រ ឬផ្លូវជាតិលេខ២នោះទេ ។
គម្រោងផ្លូវថ្មីនេះ នឹងមានការតភ្ជាប់ ជាមួយនឹងស្ពានមួយខ្សែ ដែលស្របជាមួយនឹងផ្លូវនេះ ឆ្លងកាត់ប្រឡាយចុះមកពី បឹងទំពុន ដែលត្រូវសាងសង់ស្ពានមួយប្រវែង៨០ម៉ែត្រ៕ (អត្ថបទ៖ ឈួន សំអាត រូបភាព ប៊ុន ចាន់ពិសិដ្ឋ)







