មន្ត្រីបាននិយាយថា របស់មីស៊ីលរុស្ស៊ី បានវាយប្រហារទំនប់អាងស្តុកទឹកមួយនៅជិតទីក្រុង គ្រីវី រី (Kryvyi Rih) ភាគខាងត្បូងប្រទេសអ៊ុយក្រែន។
អ្នកស្រុកនៅតំបន់ខ្លះត្រូវបានគេប្រាប់ឱ្យជម្លៀសចេញ។
អ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះគឺ ជាការសងសឹកដោយរុស្ស៊ីសម្រាប់ការវាយបកនាពេលថ្មីៗនេះ ខណៈកងទ័ពអ៊ុយក្រែនដណ្តើមយកមកវិញនូវទឹកដី ដោយបង្ខំឱ្យទាហានរុស្ស៊ីដកថយ។
ការផ្គត់ផ្គង់ទឹកត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារនៅក្នុងទីក្រុង ដែលមានប្រជាជនមុនសង្គ្រាមជាង ៦០០.០០០នាក់។
ទឹកបានទម្លុះទំនប់ និងហៀរច្រាំងទន្លេដោយជន់លិចផ្ទះមួយចំនួន។
មន្ត្រី បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កម្រិតទឹកនៅក្នុងទន្លេ អ៊ីនហួលឡេត (Inhulets) បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតទេ។
ទីក្រុងម៉ូស្គូមិនបានអត្ថាធិប្បាយជាសាធារណៈលើការវាយប្រហារមីស៊ីល ដែលបានរាយការណ៍នោះទេ។
ប៉ុន្តែយោធារុស្ស៊ីបានសារភាពថា បានវាយប្រហារគោលដៅបង្កើតថាមពល ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅភាគខាងកើតអ៊ុយក្រែន កាលពីចុងសប្តាហ៍មុន៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






