សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកប្រសិទ្ធិភាពនៃដំណើរការប្រព័ន្ធធនាគារ ជាការធានាសុខភាពសេដ្ឋកិច្ចជាតិ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា វិស័យធនាគារ គឺពិតជាមានសំខាន់ណាស់ ហើយប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាពរបស់សេដ្ឋកិច្ចជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់វិស័យធនាគារទាំងអស់នៅកម្ពុជា ពិនិត្យការផ្ដល់សេវាកម្មរបស់ខ្លួនកាន់តែច្រើនថែមទៀត។ សម្ដេចធិបតី បាន មានប្រសាសន៍ថា «វិស័យធនាគារ គឺជាឈាម ពាក្យ សាមញ្ញ គឺអត់លុយ ធ្វើអ្វីក៏អត់កើតដែរ។
ប៉ុន្ដែមានថវិកា មានលុយហើយ អត់មានការគ្រប់គ្រងច្បាស់ លាស់ យន្ដការក្នុងការផ្ទេរផ្ទង់ ការចល័ត គឺវាពិបាកដែរ។ ដូច្នេះធនាគារដើរតួនាទីសំខាន់ណាស់ ក្នុងការបង្វើរ ការប្រមូលធន និងការបង្វែរវា ទៅក្នុងការគាំទ្រដល់ដំណើរសេដ្ឋកិច្ច។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រៀបធៀបថា ធនាគារ គឺដូចបេះដូងសម្រាប់សុខ ភាព។ ជាមួយគ្នានេះ បានជំរុញដល់វិស័យធនាគារបង្កើតកញ្ចប់ផលិតផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់អតិថិជន ដោយសារមានប្រសាសន៍ថា វិស័យធនាគារកាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការទូទាត់និងធានាសុវត្ថិភាព ។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង មាន ប្រសាសន៍ថា អគារធនាគារ វីងថៅវើ ដែលមានកម្ពស់ ២៥ជាន់ ជាទីស្នាក់ការកណ្តាលរបស់ធនាគារ វីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយបានវិវត្តខ្លួនពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅជាធនាគារពាណិជ្ជពេញលេញ។
ផ្នែកនៃអគារនេះចំនួន ៣ជាន់ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីផ្តល់សេវាកម្មធនាគារជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារប្រកបដោយប្រណីតភាព និងឯកជនភាពបំផុត។
អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារ វីង បន្តនូវចក្ខុវិស័យយ៉ាង សកម្មរបស់ខ្លួនក្នុងការដឹកនាំបង្កើតនូវដំណោះស្រាយឌីជីថលសម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប។ភាពជាដៃគូទាំងនេះបានបង្កើតជាទិដ្ឋភាពហិរញ្ញវត្ថុមួយដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន ហើយបានជួយឲ្យអាជីវកម្មចំនួន១៧.០០០ ស្ថាប័នរដ្ឋាភិបាលចំនួន ១០ស្ថាប័ន សហគ្រាសធុនតូច និងមធ្យមចំនួន ៣.០០០ សហ គ្រាស និង ក្រុមហ៊ុនឯកជនចំនួន ៦០០ ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធធនាគារដ៏រឹងមាំមួយនេះ៕






