សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ស ឡុងដេត កំពុងរត់គេចខ្លួនតាមច្រកប្រទេសថៃ។ សម្តេចតេជោ បានហៅមន្ត្រីគណបក្សភ្លើងទៀនរូបនេះ ត្រឡប់មកវិញ ដើម្បីត្រៀមខ្លួនឡើងតុលាការរឿងក្តីពាក់ព័ន្ធនឹងបញ្ហានិយាយពីព្រឹត្តិការណ៍ស៊ីហ្គេម។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅ ប្រទេសបាននោះឡើយ ព្រោះមានដីកាពីតុលាការហាមចេញក្រៅប្រទេស។
មិនអាចទៅក្រៅប្រទេសបាន គឺដោយ សារតែរូបលោក ត្រូវបានគណៈកម្មការស៊ីហ្គេមដាក់ពាក្យប្តឹង ជុំវិញការនិយាយបង្ខូចពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាស ឡុងដេត រត់ទៅដល់ថៃក៏សម្តេចស្នើសុំថៃ ឲ្យចាប់បញ្ជូនមកវិញដែរ។
សារព្រមានរបស់សម្តេចតេជោ បានធ្វើឡងបន្ទាប់ពី លោក ស ឡុងដេត ចង់បង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀន។ លោក ស ឡុងដេត ក៏បានរិះគន់លើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយ។
ភ្លាមៗក្រោយពីការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន លោក ស ឡុងដេត មន្ត្រីគណបក្សភ្លើងទៀន បានចេញវីដេអូ ដើម្បីសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ដោយបានប្រកាសផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី ព្រមទាំងស្នើសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជា ជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន តាមរយៈ Telegram បានទទួលនូវការសុំទោសរបស់លោក ស ឡុងដេត ដោយសម្តេចថែមទាំងស្នើដល់ក្រសួងយុត្តិធម៌ និងដើមបណ្តឹង បញ្ចប់រឿងក្តីដែលលោក ស ឡុងដេត រិះគន់ព្រឹត្តិការស៊ីហ្គេម លើកទី៣២ ផងដែរ៕






